កម្ពុជា និងក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៤មីនាឆ្នាំ២០២១ បានអញ្ជើញជា អធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី។ ពិធីនោះធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីលោកស្រី Indranee Rajah រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីពីរក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ជាតិ សិង្ហបុរី , លោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា, លោក Seth Tan នាយកប្រតិបត្តិក្រុមហ៊ុន Infrastructure Asia, លោកបណ្ឌិតRobert Yap ប្រធានប្រតិបត្តិក្រុមហ៊ុនYCH Group PTE LTD និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PP-LC) និងបានផ្តល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិភ័ស្តុភារកម្ម ដឹកនាំរៀបចំកិច្ច ព្រមព្រៀងក្របខណ្ឌនេះ (Framework Agreement – FA) ជាមួយក្រុមហ៊ុនYCH និងក្រុមហ៊ុន IA ដូច ដែលធ្លាប់បានអនុវត្តកន្លងមកសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

កិច្ចព្រមព្រៀងក្របខណ្ឌនោះផ្តល់មូលដ្ឋានគ្រឹះនៃកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនYCH ដើម្បីរៀបចំ បង្កើត និងប្រតិបត្តិមជ្ឈមណ្ឌលភ័ស្តុភារកម្ម ភ្នំពេញ(PPLC) ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប លំដាប់ពិភពលោក ធ្វើឱ្យប្រសើរឡើងដល់លំហូរដំណើរការភ័ស្តុភារកម្ម រួមទាំងមានការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សកម្ពុជាក្នុងវិស័យ ភ័ស្តុភារកម្មផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ចំពោះភាព ជាដៃគូជាមួយក្រុមហ៊ុនYCH ហើយភាពជាដៃគូនោះនឹងជួយពង្រឹងសមត្ថភាពកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយប្រទេសឱ្យក្លាយជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់មួយ ដូចមានចែងនៅក្នុងផែនការមេបណ្តោះអាសន្នស្តីពីប្រព័ន្ធតភ្ជាប់បណ្តាញដឹកជញ្ជូន និងភ័ស្តុភារកម្ម។ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ(PPLC)នោះ នឹងជួយលើកស្ទួយវិស័យដឹកជញ្ជូនកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព មានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់អាស៊ាន និងសកលលោកទាំងតម្លៃ និងសេវាកម្ម ជាពិសេសវានឹងក្លាយជាកម្លាំងចលករប្រកបដោយសក្កានុពលក្នុងការចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យងើប ស្ទុះឡើង សំដៅសម្រេចបាននូវចក្ខុវិស័យលើការអភិវឌ្ឍកម្ពុជាឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីអត្ថប្រយោជន៍នៃគម្រោងមជ្ឈមណ្ឌល ភ័ស្តុភារកម្មភ្នំពេញនោះថា ជាគម្រោងយុទ្ធសាស្រ្តមួយមានទីតាំងស្ថិតនៅចំកណ្តាលប្រទេស ជាមួយនឹងការគាំទ្រពីបណ្តាញផ្លូវ ជុំវិញទីក្រុងភ្នំពេញ ដើរតួនាទីជាចំណុចកណ្តាលសម្រាប់បណ្តាញចែកចាយទំនិញនៅក្នុងប្រទេស និងជា ចំណុចតភ្ជាប់នៃការដឹកជញ្ជូនឆ្លងកាត់ដែលរួមមា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ស្ថិតក្នុង ចម្ងាយ១០គីឡូម៉ែត្រពីទីក្រុង និងអាចបម្រើជាមណ្ឌលដឹកជញ្ជូន និងភ័ស្តុភារកម្មក្នុងតំបន់ផងដែរដោយហេតុថាកម្ពុជាមានទីតាំងភូមិសាស្ត្រឋិតនៅចំកណ្តាលប្រទេសមហាអនុតំបន់ទន្លេមេគង្គ។

លើសពីនោះទៀត មជ្ឍមណ្ឌលភ័ស្តុភារកម្មភ្នំពេញ នឹងជួយឱ្យកម្ពុជាកាត់បន្ថយថ្លៃដើមដឹកជញ្ជូន លើកកម្ពស់ប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ និងការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner