ចាប់ឆ្នាំ 2023 អង់គ្លេសនឹងបង្កើនពន្ធលើក្រុមហ៊ុនធំៗដើម្បីអាចជួសជុលសេដ្ឋកិច្ចឡើងវិញ

បរទេស៖ ក្រៅតែពីបញ្ហារាតត្បាតនៃវិរុសកូវីដដ៏រាំរ៉ៃអស់រយៈពេលជាង 1 ឆ្នាំកន្លងមកនេះ ប្រទេសកំពុងតែទទួលរងនូវសញ្ញាអវិជ្ជមានកាន់តែខ្លាំងចំពោះបញ្ហាសេដ្ឋកិច្ច ជាពិសេសក្រោយពេលប្រកាសដកខ្លួនចេញពីសហភាពអឺរ៉ុបដែលតម្រូវឱ្យមានវិធានការតឹងរឹង និងច្បាស់លាស់បំផុតសម្រាប់ស្តារសេដ្ឋកិច្ចជាតិឡើងវិញ។

ទូរទស្សន៍ CNN ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ជាផែនការថ្មីរបស់អង់គ្លេសដើម្បីអាចជួសជុលសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបានខ្លួនបានរៀបចំធ្វើការតំឡើងពន្ធថ្មីមួយចំនួនទៅលើក្រុមហ៊ុនធំៗនៅក្នុងប្រទេសដែលទទួលបានប្រាក់ចំណេញខ្ពស់ចាប់ពីឆ្នាំ2023 តទៅ។

ថ្លែងទៅកាន់សភាជាតិកាលពីថ្ងៃពុធម្សិលមិញលោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Rishi Sunak បានធ្វើការប្រកាស និងសន្យាថាកញ្ចប់ប្រាក់ប្រមាណជា 65 ពាន់លានផោន ឬប្រមាណជា 91 ពាន់លានដុល្លារផ្សេងទៀតនឹងត្រូវដាក់ឲ្យប្រើប្រាស់បន្តដល់ការជួយគាំទ្រដល់បុគ្គលិកធ្វើការព្រមទាំងអាជីវកម្មទាំងអស់ផងដែរ។

យោងតាមការបញ្ជាក់របស់ទីភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារស្ថិតិកន្លងមកបានឲ្យដឹងថាកញ្ចប់ជំនួយចុងក្រោយរបស់អង់គ្លេសដែលបានបញ្ចេញមានប្រមាណជា 400 ពាន់លាផោន ឬ 558 ពាន់លានដុល្លារ បានធ្វើឲ្យបំណុលសរុបរបស់រដ្ឋាភិបាលកើនឡើងដល់ទៅ 2 ទ្រីលានផោន ឬ 2.8 ទ្រីលានដុល្លារ ពោលគឺស្ទើរតែ 100 ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP ។

ជាយុទ្ធសាស្ត្រលោក Sunak ក៏បានប្រកាសផងដែរអំពីផែនការក្នុងការបង្កើនតម្លៃពន្ធពី 19 ភាគរយទៅដល់ទៅ 25 ភាគរយ ដោយការតំឡើងពន្ធនេះនឹងត្រូវចូលជាធរមានចាប់ពីខែមេសាឆ្នាំ 2023 ទៅ ហើយនឹងតំរូវឲ្យតែក្រុមហ៊ុនដែលទទួលបានប្រាក់ចំណូលខ្លាំងប៉ុណ្ណោះត្រូវអនុវត្តតាម។

លោកបានបន្តថា សម្រាប់ក្រុមហ៊ុនទាំងឡាយណាដែលទទួលបានប្រាក់ចំណូលប្រចាំឆ្នាំលើសពី 25 ម៉ឺនផោនគឺចាំបាច់អនុវត្តទៅលើវិធានការតំឡើងពន្ធដោយក្នុងនោះលោកជឿជាក់ថាមានតែអាជីវកម្ម 10 ភាគរយប៉ុណ្ណោះនៃអាជីវកម្មសរុបក្នុងប្រទេសដែលអាចធ្វើបានក្នុងទំហំប្រាក់ចំណូលកម្រិតនេះ។ ដោយឡែកសម្រាប់ក្រុមហ៊ុនដែលរកចំណូលបានទាបជាង 5 ម៉ឺនផោនក្នុងមួយឆ្នាំនឹងបន្តធ្វើការបង់ពន្ធក្នុងអត្រាទាបជាងមុន ខណៈដែលក្រុមអ្នកជំនាញសេដ្ឋកិច្ចបង្ហាញពីក្ដីបារម្ភថា អាចនឹងមានការអនុវត្តនៃទីផ្សារប្រកួតប្រជែងដោយភាពមិនស្មោះត្រង់កើតមានជាក់ជាមិនខាន៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner