អគ្គមេបញ្ជាការកងទ័ព បន្តដឹកនាំប្រតិភូចុះសួរសុខទុក្ខកងទ័ព នៅទិសយោធភូមិភាគទី៣ ភាគនិរតីប្រទេស

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៥មីនាឆ្នាំ២០២១ បានដឹកនាំប្រតិភូបន្តចុះជួបសំណេះសំណាល និង សួរសុខទុក្ខកងទ័ព នៅទិសយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលសួរសុខទុក្ខនោះ បានប្រព្រឹត្តិទៅនៅទីបញ្ជាការយោធភូមិភាគទី៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំយោធភូមិភាគ តំបន់ប្រតិបត្តិការសឹករង និងកងពលតូចថ្មើរជើងលេខ៣១ផងដែរ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃ សមិទ្ធិផលជាច្រើន ដែលនាយទាហាន នាយទាហានរង និងពលទាហាន សម្រេចបាននាពេលកន្លងមក នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព និងការខិតខំកសាងអង្គភាពឱ្យមានការរីកចម្រើនមកដល់បច្ចុប្បន្ន។

ទន្ទឹមនឹងលទ្ធផលនោះ នាយឧត្តមសេនីយ៍វង្ស ពិសេន បានជម្រុញដល់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន ត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្តភារកិច្ចស្នូល ការចូលរួមការពារកន្លែងធ្វើចត្តាឡីស័ក និងការត្រៀមកម្លាំងអន្តរាគមន៍ពេលមានបទបញ្ជា ក្នុងនោះកម្លាំងនៅតំបន់ព្រំដែនត្រូវការពារមិនឲ្យមានការឆ្លងដែនចេញចូលខុសច្បាប់ រវាងប្រទេសដែលជាប់ព្រំដែនជាមួយកម្ពុជា ខណៈសភាពការណ៍បច្ចុប្បន្នកំពុងរឹតបន្តឹងលើបញ្ហាជំងឺកូវីដ១៩ និងត្រូវបន្តសហការឲ្យបានល្អជាមួយប្រទេសជិតខាង ដោយអនុវត្តបានត្រឹមត្រូវតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ ត្រូវរស់នៅមានអនាម័យល្អ គោរពឲ្យបានត្រឹមត្រូវតាមគោលការណ៍ (៣.កុំ និង៣.ការពារ) របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងត្រូវចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យបានគ្រប់គ្នា ដោយមិនត្រូវជឿតាមការឃោសនាអកុសលរបស់ជនអគតិមួយចំនួន អំពីបញ្ហាការចាក់វ៉ាក់សាំងនោះឡើយ។

ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង ក៌ដូចជាការត្រៀមទទួលអំណរឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឧបត្ថម្ភថវិកាចំនួន ៣៧ លានរៀល ដែលជាអំណោយឧបត្ថម្ភរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner