អាជ្ញាធរស្រុកព្រៃនប់ សម្រេចបិទផ្ទះសំណាក់មួយកន្លែងក្នុងមូលដ្ឋានរបស់ខ្លួន ក្រោយរកឃើញមនុស្សចំនួន 3នាក់ ស្នាក់នៅទីនោះឡើងកម្ដៅខុសប្រក្រតី
អាជ្ញាធរស្រុកព្រៃនប់ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២១ បានសម្រេចបិទផ្ទះសំណាក់មួយកន្លែងក្នុងមូលដ្ឋានរបស់ខ្លួន ជាបណ្ដោះអាសន្ន ក្រោយរកឃើញមនុស្សចំនួន ៣នាក់ ស្នាក់នៅទីនោះឡើងកម្ដៅខុសប្រក្រតី ។
ផ្ទះសំណាក់នេះ ស្ថិតនៅឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានជនជាតិវៀតណាមចំនួន០៣នាក់បានស្នាក់នៅ ពួកគាត់ត្រូវគេរកឃើញថាឡើងកំដៅខ្លាំង។ ក្រុមគ្រូពេទ្យក៏បានយកសំណាកពួកគាត់រួចហើយដែរ។ក្រៅពីនោះអ្នកពាក់ព័ន្ធជាជនជាតិខ្មែរចំនួន០៣នាក់ទៀត ដែលជាម្ចាស់ផ្ទះសំណាក់ ក៏ត្រូវបានយកសំណាកផងដែរ។ ផ្ទះសំណាក់នេះត្រូវបានហ៊ុព័ទ្ធទុកធ្វើជាកន្លែងចត្តាឡីស័កជាបណ្តោះអាសន្នសិន។
ក្រុមគ្រួសាររបស់ម្ចាស់ផ្ទះសំណាក់ដែលស្នាក់នៅផ្ទះផ្សេងមួយកន្លែងទៀត ត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះ និងតាមដានសុខភាពរយ:ពេល១៤ ថ្ងៃផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រសាសន៍ថា ទោះបីករណីនេះជាការសង្ស័យ ក៏យើងត្រូវបង្កើនការប្រុងប្រយ័ត្ន និងយកសំណាកទៅធ្វើតេស្តដើម្បីមានភាពប្រាកដប្រជា និងហ៊ុំព័ទ្ធទីតាំង ព្រមទាំងធ្វើចត្តាឡីស័កអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល។
ឯកឧត្តម បានណែនាំជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញសុខាភិបាល ត្រូវបង្កើនការយកចិត្តទុកដាក់ អាជ្ញាធរស្រុកព្រៃនប់ ត្រូវដឹកនាំការងារអនុវត្ត ឱ្យបានហ្មត់ចត់បំផុតដើម្បីគ្រប់គ្រងលើទីតាំងដែលមានការសង្ស័យ និងស្រាវជ្រាវស្វែងរកអ្នកដែលមានការពាក់ព័ន្ធ សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕សា វ៉ុន



