ដំណើរដើមចមដែលនាំឱ្យមាន “ទិវានារីអន្តរជាតិ 8 មីនា”
រាល់ឆ្នាំទិវានារីអន្តរជាតិ 8 មីនាតែងប្រារព្ធឡើងក្នុងបុព្វហេតុបង្ហាញពីការតស៊ូរបស់ស្ត្រីដើម្បីសិទ្ធិសេរីភាពប្រជាធិបតេយ្យ ដោយភ្ជាប់ជាមួយនឹងពាក្យស្លោកថា “មួយថ្ងៃធ្វើការប្រាំបីម៉ោង”, “ធ្វើការស្មើគ្នា បៀវត្សស្មើគ្នា”, “ការពារសុខភាពមាតានិងទារក”។ នៅក្នុងឆ្នាំ 1910 សន្និបាតអន្តរជាតិនារីដែលមានប្រទេស 17 ចូលរួមធ្វើឡើងនៅទីក្រុងកូប៉ែនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាក បានសម្រេចយកថ្ងៃទី 08 ខែមីនា ជាថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសាកលលោក។
នៅចុងសតវត្សទី 19 បច្ចេកវិទ្យារីកចម្រើនយ៉ាងខ្លាំងក្លានៅលើសកលលោក ជាពិសេសនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដែលមានឧស្សាហកម្មរីកចម្រើន។ ទន្ទឹមគ្នានេះនារីនិងកុមារក្រីក្ររាប់លាននាក់បានទាក់ទាញឱ្យចូលធ្វើការនៅក្នុងរោងចក្រនិងសហគ្រាសឯកជននានា។ ពួកម្ចាស់រោងចក្រមួយចំនួនមានគំនិតលោភលន់ កេងប្រវ័ញ្ចមិនលើកម្លាំងពលកម្មរបស់នារី កុមារ និងកម្មករទន់ខ្សោយផ្សេងទៀត បានបង្ខំឱ្យពួកគេធ្វើការជាទម្ងន់ក្នុងមួយថ្ងៃពី 12 ម៉ោងទៅដល់ 16 ម៉ោង ហើយផ្ដល់ប្រាក់បៀវត្សរ៍តិចតួចបំផុត ដោយមិនគិតពីសុខភាពរបស់កម្មករជានារី និងកុមារ។ អ្នកទាំងនោះត្រូវរស់នៅក្នុងជីវភាពដុនដាបលំបាកវេទនា ស្ទើរតែអស់សេរីជាមនុស្ស។
ទិវានារីអន្តរជាតិកើតឡើងដោយសារព្រឹត្តការណ៍នៅឆ្នាំ 1908 នៅពេលនោះមានស្រ្តីមួយម៉ឺនប្រាំពាន់នាក់ដង្ហែរក្បួនក្នុងទីក្រុងញូវយ៉ក ដើម្បីទាមទារឱ្យមានប្រាក់ខែកាន់តែប្រសើរ ម៉ោងធ្វើការសមរម្យ និងមានសិទ្ធិក្នុងការបោះឆ្នោត។ មួយឆ្នាំក្រោយមក គណបក្សសង្គមនិយមរបស់អាមេរិក បានប្រកាសទិវានារីជាតិជាលើកដំបូង។
គេនៅចំាបានថា គំនិតដែលបានប្រែក្លាយទិវានារីជាតិទៅជាអន្តរជាតិ កើតចេញពីស្រ្តីម្នាក់ដែលមានឈ្មោះថា Clara Zetkin ។ ទិវានារីអន្តរជាតិត្រូវប្រារព្ធជាលើកដំបូងនៅឆ្នាំ 1911 នៅប្រទេសអូទ្រីស ដាណឺម៉ាក អាឡឺម៉ង់ និងស្វ៊ីស បន្ទាប់ពីសន្និបាតអន្តរជាតិនារីឆ្នាំ1910 ។
ពេលនោះហើយអ្វីៗត្រូវបានធ្វើឡើងជាផ្លូវការនៅឆ្នាំ 1975 នៅពេលដែលអង្គការសហប្រជាជាតិបានចាប់ផ្តើមប្រារព្ធទិវានេះ។ ប្រធានបទដំបូងដែលអង្គការសហប្រជាជាតិបានអនុម័ត ក្នុងឆ្នាំ 1996 “អបអរសាទរអតីតកាល គ្រោងផែនការសម្រាប់អនាគត” ។ក្រោយមកទិវានារីអន្តរជាតិប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ០8 ខែមីនា។ ចំណែកប្រជាពលរដ្ឋកម្ពុជាភាពច្រើនស្គាល់ និងនិយមហៅសាមញ្ញាថា “ថ្ងៃសិទ្ធិនារី ឬទិវាសិទ្ធិនារី 8 មីនា”។

ពណ៌ស្វាយ បៃតង និងពណ៌ស ត្រូវបានចាត់ជាពណ៌តំណាងឱ្យទិវានារីអន្តរជាតិ។ ពណ៌ស្វាយបង្ហាញឱ្យយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ។ ពណ៌បៃតងតំណាងឱ្យក្តីសង្ឃឹម និងពណ៌សតំណាងឱ្យភាពបរិសុទ្ធ។
បើមានទិវានារីអន្តរជាតិ តើមានទិវាបុរសអន្តរជាតិដែរឬទេ? ពិតជាមាន ! ទិវាបុរសអន្តរជាតិប្រារព្ធឡើងនៅថ្ងៃទី 11 ខែវិច្ឆិកា។ ទិវានេះទំនងមានវត្តមានឡើងនៅឆ្នាំ 1990 ប៉ុន្តែមិនទាន់ទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅឡើយទេ។ ប្រជាជនអបអរទិវានេះ នៅក្នុងប្រទេសជាង 80 ទូទាំងពិភពលោក ក្នុងនោះរួមទាំងចក្រភពអង់គ្លេសផងដែរ។
ទិវានារីអន្តរជាតិជាថ្ងៃដែលប្រជាជនប្រទេសនីមួយៗ តែងឈប់សម្រាកពីការងារ។ ប្រទេសប្រទេសរុស្ស៊ីឱ្យតែចំថ្ងៃទិវានារីអន្តរជាតិម្តងៗ ការលក់ផ្កាហាក់កើនឡើងទ្វេដងក្នុងអំឡុងពេល 3ឬ 4 ថ្ងៃ ចន្លោះថ្ងៃ ០8 មីនា។ ប្រទេសចិន ស្ត្រីជាច្រើនបានឈប់សម្រាកពីការងាររបស់ពួកគេកន្លះថ្ងៃតាមការណែនាំរបស់ក្រុមប្រឹក្សារដ្ឋ។ នៅសហរដ្ឋអាមេរិក ប្រធានធិបតីធ្វើសេចក្តីថ្លែងការជារៀងរាល់ឆ្នាំ ដើម្បីគោរពដល់សមិទ្ធិផលរបស់ស្ត្រីអាមេរិកាំង។
ឆ្នាំ 2021 នេះការប្រារព្ធទិវានារីអន្តរជាតិអាចនឹងប្លែកពីរាល់ឆ្នាំបន្តិច ដោយសារតែការរាលដាលនៃមេរោគឆ្លងកូវីដ-19 ដោយរំពឹងថាព្រឹត្តិការណ៍ធំៗ នៃទិវានឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ។ ចំណែកប្រធានបទនៃទិវានារីអន្តរជាតិសម្រាប់ឆ្នាំ 2021 គឺ “ជ្រើសរើសដើម្បីប្រកួតប្រជែង” (#ChooseToChallenge) ហើយយុទ្ធនាការមួយនឹងធ្វើឡើងក្រោមប្រធានបទ “យើងទាំងអស់គ្នាអាចជ្រើសរើសដើម្បីប្រកួតប្រជែងនិងអំពាវនាវឱ្យបញ្ឈប់ភាពលម្អៀងលើយេនឌ័រ និងភាពមិនស្មើគ្នា”។ អ្នកចូលរួមយុទ្ធនាការនេះ ត្រូវលើកដៃឱ្យខ្ពស់ជាសញ្ញាបង្ហាញថាប្តេជ្ញាចិត្តជ្រើសរើសដើម្បីប្រកួតប្រជែង និងអំពាវនាវឱ្យមានសមភាព៕