កងទ័ពនៅកងពលតូចលេខ៧០ ទទួលបានការហ្វឹកហ្វឺនបណ្តុះបណ្តាល ដើម្បីត្រៀមចូលរួមអន្តរាគមន៍ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី៦មីនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យការហ្វឹកហ្វឺន បណ្តុះបណ្តាលដល់កងកម្លាំង ដើម្បីត្រៀមចូលរួមអន្តរាគមន៍ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ របស់អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅកងពលតូចលេខ៧០។ នាពេលថ្មីៗនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាប្រធាន អមដោយអនុប្រធានអចិន្ដ្រៃយ៍ម្នាក់ អនុប្រធាន៤នាក់ និងសមាជិក៨នាក់។ ក្នុងពិធីនោះ លោកហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសជាតិ ប្រជាពលរដ្ឋ កម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលហានិភ័យនៃសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដែលជម្ងឺនោះ បានបង្កផលប៉ះពាល់យ៉ាងធំធេងទាំងផ្អែកសុខភាព ទាំងផ្នែកជីវភាពរស់នៅ ព្រមទាំងបានបង្កើតនូវការរើសអើង ការភ័យខ្លាចក្នុងចំណោមពលរដ្ឋនានាទូទាំងប្រទេសក៏ដូចជាទូទាំងសកលលោក។ លោកបានបន្តថា ពេលនេះប្រទេសជាតិ និងប្រជាជន ត្រូវការកងទ័ព ដើម្បីចូលរួមទប់ស្កាត់ជាមួយសត្រូវដែលមើលមិនឃើញនោះ។ ដូច្នេះត្រូវត្រៀមលក្ខណៈក្នុងការហ្វឹកហ្វឺន និងបំពាក់ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីប្រតិបត្តិដោយភាពជោគជ័យតាមបទបញ្ជាប្រកបដោយសុវត្ថិភាព ក្នុងការបំពេញភារកិច្ចរួមគ្នាការពារតំបន់ចត្តាទ្បីស័កឲ្យបានហ្មត់ចត់ ធានាបានការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាសត្រូវធំបំផុតរបស់ប្រទេសជាតិ សង្គមជាតិ និងសង្គមគ្រួសាររបស់យើង។ ជាមួយគ្នាអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក មានភារកិច្ចទទួលខុសត្រូវអនុវត្តឲ្យបានជាដាច់ខាតនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ និងទទួលខុសត្រូវលើកម្លាំងប្រតិបត្តិការដោយផ្តល់ការហ្វឹកហ្វឺនឲ្យបានពេញលេញ និងបំពាក់ឲ្យបានគ្រាប់គ្រាន់ ដើម្បីធានានូវភាពជោគជ័យក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីសេ្នហាជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ភារកិច្ចចម្បងក្នុងប្រតិបត្តិការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩មានបីដំណាក់កាលធំៗគឺ ទីមួយជាដំណាក់កាលស្រាវជ្រាវរកឲ្យឃើញនូវអ្នកមានជំងឺកូវីដ-១៩ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីការពារកុំឲ្យគាត់បង្កការឆ្លងរាលដាលទៅអ្នកដទៃទៀត។ ក្នុងដំណាក់កាលនេះកម្លាំងពេទ្យ បានធ្វើការទាំងថ្ងៃទាំងយប់ ពេលខ្លះឈានដល់យប់អាធ្រាត និងទៀបភ្លឺ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ អស់រយៈកាលជាងមួយឆ្នាំកន្លងមក ហើយមានសមាសភាពមកពី ក្រុមគ្រូពេទ្យ និងផ្នែកបច្ចេកទេសរបស់ក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។ ឯទីពីរជាដំណាក់កាលគ្រប់គ្រងការពារធានាឲ្យបាននូវការរក្សាទុកអ្នកដែលមានការពាក់ព័ន្ធឲ្យស្ថិតនៅក្នុងតំបន់ចត្តាទ្បីស័ក ដំណាក់កាលនេះកងកម្លាំងតាមមូលដ្ឋានបានអនុវត្តយ៉ាងសកម្មអស់រយៈកាលកន្លងមក ហើយកងកម្លាំងដែលបានទទួលការហ្វឹកហ្វឺននាពេលនេះនឹងត្រៀមចូលរួមចំណែកនៅពេលដែលមានស្ថានការណ៍ចាំបាច់កើតទ្បើង។ ចំណែកឯទីបីគឺជាដំណាក់កាលផុ្តល់ការព្យាបាលជូនដល់អ្នកដែលមានជំងឺកូវីដ-១៩។ ដំណាក់កាលនោះគឺជាសមត្ថកិច្ចរបស់ក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលគ្រប់ខេត្ត-ក្រុង និងក្រសួងសុខាភិបាលបានខិតខំយ៉ាងខ្លាំងក្លាដើម្បីបន្តព្យាបាលអ្នកដែលមានករណីវិជ្ជមាន ហើយជាលទ្ធផលមកទល់ពេលនេះអ្នកជំងឺបានទទួលការជាសះស្បើយច្រើន និងមិនទាន់មានករណីស្លាប់ដោយជំងឺកូវីដ-១៩ណាមួយនៅក្នុងប្រទេសកម្ពុជានៅទ្បើយទេ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner