អង់គ្លេសគាំទ្រការអំពាវនាវរបស់អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងឡុង អោយមានការដោះលែងលោកស្រី អោង សាន ស៊ូជី
អង់គ្លេស៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក ដូមីនីច រ៉ាអាប (Dominic Raab) បានថ្លែងកោតសរសើរ និងគាំទ្រអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងឡុង ដែលនៅថ្ងៃចន្ទនេះ បានធ្វើការអំពាវនាវអោយមានការដោះលែងលោកស្រី អោង សាន ស៊ូជី និងលោកប្រធានាធិបតី វីន ម្យីនត៍ (Win Myint) ដោយអ្នកទាំងពីរត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋប្រហារយោធាកាលពីខែមុន ។
លោក ដូមីនីច រ៉ាអាប បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំសូមកោតសរសើរចំពោះភាពក្លាហាន និងស្នេហាជាតិរបស់អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំចក្រភពអង់គ្លេសលោក ខ្យ៉ ស្វា មីន (Kyaw Zwar Minn) ក្នុងការអំពាវនាវអោយមានការដោះលែងលោកស្រី អោង សាន ស៊ូជី និងលោកប្រធានាធិបតី វីន ម្យីនត៍ (Win Myint) ហើយចំពោះលទ្ធផលនៃការបោះឆ្នោតសកលឆ្នាំ២០២០ត្រូវតែគោរពជាដាច់ខាត ។
រដ្ឋមន្រ្តីការបរទេសអង់គ្លេសរូបនេះបានសង្កត់ធ្ងន់ទៀតថា របបយោធាមីយ៉ាន់ម៉ាត្រូវតែបិទបញ្ចប់ជាបន្ទាន់ ចំពោះសកម្មភាពបង្ក្រាបដ៏បង្ហូរឈាមលើក្រុមអ្នកប្រឆាំងតវ៉ាដោយសន្តិវិធី ហើយចាប់ផ្តើមស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ៕ ប្រភព៖ Reuters


