សហរដ្ឋអាមេរិកបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំង Covid-19 រួចរាល់ អាចជួបជុំទ្រង់ទ្រាយតូចដោយមិនចាំបាច់ពាក់ម៉ាស់បាន
អាមេរិក៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បញ្ជាក់ថា មនុស្សដែលទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ពេញលេញហើយនោះ គឺអាចទៅលេងជាមួយមនុស្សចាក់ថ្នាំបង្ការផ្សេងទៀត និងមនុស្សដែលមិនទាន់ទទួលការចាក់ថ្នាំមួយចំនួនបាន ប៉ុន្តែគួរជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងបន្តពាក់ម៉ាសនៅតាមទីសាធារណៈ ។
ក្រុមមន្រ្តីសុខាភិបាលអាមេរិកបានប្រកាសពីគោលការណ៍ណែនាំសុវត្ថិភាពថ្មីនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយរបស់ក្រុមការងារប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា របស់សេតវិមាននៅក្នុងថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ។ អនុសាសន៍នេះនិយាយថា ពលរដ្ឋអាមេរិកដែលចាក់វ៉ាក់សាំងពេញលេញ គឺអាចជួបជាមួយអ្នកចាក់វ៉ាក់សាំងពេញលេញផ្សេងទៀតនៅក្នុងផ្ទះ ដោយមិនបាច់ពាក់ម៉ាស ឬវិធានការគម្លាតសង្គម ។
អាចជួបនៅក្នុងផ្ទះជាមួយមនុស្សដែលមិនបានទទួលវ៉ាក់សាំងមកពីគ្រួសារតែមួយ ប្រសិនបើពួកគេមានហានិភ័យទាបពីវីរុសនេះ និង មិនបាច់ធ្វើតេស្ត ឬធ្វើចត្តាឡីស័កនៅពេលប៉ះពាល់ជាមួយអ្នកឆ្លង Covid-19 លើកលែងតែមានរោគសញ្ញាលេចចេញមក ។ យ៉ាងណាមិញ អ្នកដែលទទួលវ៉ាក់សាំងរួច នៅតែតម្រូវឲ្យអនុវត្តតាមវិធានការសុវត្ថិភាពមូលដ្ឋានផ្សេងទៀតដូចជា ពាក់ម៉ាស និងរក្សាគម្លាតសង្គមនៅតាមទីសាធារណៈ ក៏ដូចជាការចៀសវាងពីហ្វូងមនុស្សធំៗ និងការធ្វើដំណើរផងដែរ ៕ ប្រភព៖ Reuters