អភិបាលខេត្តកណ្ដាល បញ្ជាឱ្យបិទកាស៊ីណូ និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនជ្រៃធំជាបណ្តោះអាសន្ន
កណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចេញលិខិតបញ្ជាឲ្យអភិបាលស្រុកកោះធំបិទកាស៊ីណូចំនួន ៦កន្លែង និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនជ្រៃធំជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូវីដ-១៩ ក្រោយរកឃើញជនបរទេសចំនួន ៥នាក់ មានផ្ទុកវីរុសកូវីដ១៩ នៅក្នុងទីប្រជុំជនជ្រៃធំ។
រដ្ឋបាលខេត្តបានណែនាំដូចខាងក្រោម៖
១៖ បិទជាបណ្តោះអាសន្ននូវការស៊ីណូចំនួន ៦កន្លែង រួមមាន៖ កាស៊ីណូ និងសណ្ឋាគារជីនសាគុងហ្វូ កាស៊ីណូប៊ីន កាស៊ីណូក្រោន កាស៊ីណូហ្គេន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន។
២៖ បិទជាបណ្តោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។
៣៖ ត្រូវសហការអនុវត្តជាបន្ទាន់ក្នុងការប្រមូលជនបរទេស និងមុខសញ្ញាពាក់ព័ន្ធ យកមកធ្វើតេស្តសំណាកឲ្យបានត្រឹមត្រូវ និងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់។
៤៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការណែនាំបន្ថែម លើការងារបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល៕
