លាឈប់ពីការងារក្រុមហ៊ុនមានសម្ពាធ មកធ្វើការចិញ្ចឹមរុយដែលមានប្រូតេអ៊ីន ទទួលបានចំណូលស្ទើរមិនគួរឱ្យជឿ

អ្នករាល់គ្នាតែងយល់ថាវាជាសត្វកខ្វក់ តែលោកអ្នកមិនដឹងទេថា រុយអាចពងមកជាដង្កូវដែលមានប្រូតេអ៊ីនសម្រាប់ចញ្ចឹមសត្វបានយ៉ាងប្រសើរ។

លោក សៅ សែនសំណាង ជាគ្រូបង្គោល និងម្ចាស់កសិដ្ឋានចញ្ចឹមរុយ BSF( Black Soldier Fly) មួយកន្លែងនៅទីក្រុងភ្នំពេញ ធ្លាប់ជាអតីតបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនឯកជនដ៏ធំប្រចាំនៅកម្ពុជា បានលើកឡើងថា ការបម្រើការងារនៅក្រុមហ៊ុនស្លៀកពាក់ស្អាត អាចទទួលបានចំណូលថេរប្រចាំខែ ប៉ុន្តែសម្ពាធការងារក៏ច្រើន។ ដោយសារការយល់ឃើញដូច្នេះ លោកក៏បានសម្រេចចិត្តមកប្រកបអាជីពថ្មីដោយការចញ្ចឹមសត្វតាមចំណង់ចំណូលចិត្តវិញ ដូចជាមាន់ ទា ត្រី និងចង្រិត ហើយចុងក្រោយគឺការចិញ្ចឹមរុយយកពងដែលកំពុងមានទីផ្សារនាពេលបច្ចុប្បន្ន។

គ្រូបង្គោលរូបនេះបានបន្តថា គាត់ឃើញខ្មែរមានបង្រៀនដែរ តែពុំមានពូជទេ ដូច្នេះលោកក៏បានទៅសិក្សានៅប្រទេសវៀតណាម និងម៉ាឡេស៊ី។ ជាលទ្ធផល លោកទទួលបានវិធីសាស្រ្តក្នុងការចញ្ចឹមរុយ ដែលជាចំណីធ្វើឱ្យសត្វទទួលផលលឿន ឆាប់ធំ សុខភាពល្អ ។ លើសពីនេះ វាជួយដល់បរិស្ថាន ពោលគឺការបែងចែក និងប្រើប្រាស់កាកសំណល់ឱ្យមានប្រយោជន៍ និងកាកសំណល់ដូចជារុយដែលងាប់ និងដង្កូវដែលសកហើយអាចធ្វើជាជីកំប៉ុសបានទៀតផង។

ដោយឡែកអ្វីដែលគាត់ផ្ដោតលើនោះគឺចំណីសត្វ ដែលគេអាចយក BSF នេះទៅធ្វើជាចំណីត្រី មាន់ ទា កង្កែប អណ្ដើក កន្ធាយ បង្កង ជាដើមទៅតាមបច្ចេកទេសផ្សេងៗ។ ចំណែកឯអាយុដែលត្រូវប្រមូលផលគឺកំឡុងពេល១៤ថ្ងៃ ព្រោះចន្លោះពេលនេះវាមានប្រូតេអ៊ីនច្រើន បើទុកយូរ ដង្កូវនឹងមានព៌ណខ្មៅ ហើយបាត់បង់ ប្រូតេអ៊ីន។ អាយុកាលរបស់សត្វរុយ វាមានរយៈពេលប្រមាណ៤៥ថ្ងៃ ហើយវានឹងងាប់នៅពេលពងអស់ ខណៈដែលដង្កូវអាចរស់យូរជាង ព្រោះវាអាចបន្សាំខ្លួនបាន។

អ្នកជំនាញចិញ្ចឹមរុយរូបនេះបានបញ្ជាក់ថា៖ ” ខ្ញុំយល់ថាវាជារបរដែលចំណេញច្រើនទាក់ទងទៅនឹងការចិញ្ចឹមសត្វ ហើយខ្ញុំក៏បានពង្រីករហូតមកដល់ធំដូចបច្ចុប្បន្ននេះ។ បើមានការបញ្ជាទិញច្រើន យើងអាចផលិតបានក្នុង១ខែពី ៣០ ទៅ ១០០តោន ឯទិន្នផលពងយើងអាចផលិតបាន២-៣គីឡូលក្រាមក្នុងមួយថ្ងៃដែលមិនមែនជាបញ្ហាអីទេ ព្រោះការដែលសំខាន់បំផុតគឺការផលិតពងរុយនេះហើយ”។

ការចាប់ផ្ដើមរបស់ម្ចាស់កសិដ្ឋានរូបនេះកាលពីឆ្នាំ២០១៩ ដោយត្រូវចំណាយថ្លៃចាយវាយភាគច្រើនទៅលើកម្មករប្រមាណជា២០០០ដុល្លា ហើយត្រូវចំណាយពេលយូរក្នុងការទាញយកផលពីធម្មជាតិ។ លោកបានចំណាយពេលសិក្សាប្រមាណ១ឆ្នាំ ហើយក៏បានចាប់ដៃជាមួយបងប្រុស និងសិស្សរបស់លោកម្នាក់ទៀតក្នុងការបើកកសិដ្ឋាននេះឡើង។

បច្ចុប្បន្ន អ្នកដែលមករៀនបន្តពីរបៀបចញ្ចឹមរុយនេះធ្វើការចំណាយតែ២០០ ទៅ៣០០ដុល្លាគឺ អាចធ្វើបានដោយខ្លួនឯង ដោយអាចទិញពូជមកពីប្រទេសជិតខាង។យ៉ាងណាមិញ ផលលំបាករបស់លោក សំណាង មិនសូវជាមានប៉ុន្មាននោះទេ ដោយសារកសិដ្ឋានរបស់លោកស្ថិតនៅទីប្រជុំជនដែលអាចងាយស្រួលរកចំណីដង្កូវ។ ទោះជាយ៉ាងណាលោកក៏មានក្ដីបារម្ភចំពោះកសិករដែលបានមករៀន ដោយសារបញ្ហាចម្បងនោះគឺចំណីរបស់ដង្កូវ រួមមានកាកសំណល់ផ្ទះបាយ ភោជនីយដ្ឋាន បន្លែផ្លែឈើខូចៗ កាកស្រាបៀរជាដើម ដែលសុទ្ធសឹងត្រូវការច្នៃបន្ថែមទៀត។ ក្រៅពីនេះ ការធ្វើចំណីអាចច្នៃបានច្រើនដូចជា ស្លឹកដំឡូងមី ដើមចេក ត្រកួន ល្ហុង អាស្រ័យលើការច្នៃ។

គួរបញ្ជាក់ផងដែរថា សិស្សដែលមករៀនជាមួយលោក សំណាង បច្ចុប្បន្នមានប្រមាណជាង៣០០ នាក់ ក្នុងនោះប្រមាណជា១០០ ទៅ២០០នាក់ជាម្ចាស់កសិដ្ឋាន និងអាចទទួលបានផលពីការអនុវត្តជាជំហានៗ។ចំពោះការបង្រៀន ១វគ្គ៧០ ដុល្លា ហើយផ្ដល់ជូនពងរុយ១ខាំ ដោយការក្នុងមួយសប្ដាហ៍បង្រៀនតែថ្ងៃអាទិត្យតែប៉ុណ្ណោះ ហើយសិក្ខាអាចភ្ជាប់ទំនាក់ទំនង ឬសួរសំណួរតាមរយៈ Telegram បាន ឬអាចទាក់ទងទៅកាន់ផេកហ្វេសប៊ុក កសិដ្ឋានចញ្ចឹមរុយ BSF Farm បាន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner