អ្នកបើកបររថយន្តតាក់ស៊ី ដឹកស្រ្តីជនជាតិចិនម្នាក់គេចចេញពីគោលដៅត្រួតពិនិត្យនៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់

អត្ថបទដោយ៖
ធី ដា

ខេត្តព្រះសីហនុគឺជាទីតាំងធំទី២បន្ទាប់ពីរាជធានីភ្នំពេញ ដែលមានករណីឆ្លងជំងឺកូវីដ-១៩ខ្លាំងពាក់ពន្ធ័នឹងព្រឹត្តិការសហគមន៍២០កុម្ភៈ ដែលតម្រូវឲ្យរាជរដ្ឋាភិបាលផ្អាកការធ្វើដំណើរចេញចូលខេត្តនោះ មួយរយៈលើកលែងតែរយន្តដឹកទំនិញតែប៉ុណ្ណោះ។

ប៉ុន្តែនៅយប់ថ្ងៃទី៨មីនាឆ្នាំ២០២១ មានស្ត្រីជនជាតិចិនម្នាក់បានរត់គេចចេញពីខេត្តព្រះសីហនុសំដៅមករាជធានីភ្នមពេញ ដោយជិះរថយន្តតាក់ស៊ីមួយគ្រឿង និងបន្តដំណើរតាមរយន្តដឹកទំនិញមួយគ្រឿងទៀត។ ប៉ុន្តែស្ត្រីជនជាតិចិនរូបនោះ ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាននៅព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។ យោងតាមរដ្ឋបាលខេត្តព្រះសសីហនុនៅថ្ងៃទី១០មីនាឆ្នាំ២០២១ បានឲ្យដឹងថា អ្នកបើកបររថយន្តតាក់ស៊ីដែលបានដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី៨មីនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

យោងតាមចម្លើយសារភាពរបស់អ្នកបើកបររថយន្តតាក់ស៊ីខាងលើ បានឱ្យដឹងថាកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០យប់ ខ្លួនបានដឹកស្រ្តីជនជាតិចិនម្នាក់ចេញពីក្រុងព្រះសីហនុ ទៅរាជធានីភ្នំពេញ ក្នុងតម្លៃ៣០០ដុល្លាអាមេរិក រហូតមកដល់ចន្លោះគីឡូម៉ែត្រ១៥១ និង១៥២ ខ្លួនបានបើកជែងរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង រួចឃាត់រថយន្តនោះឈប់ដើម្បីឱ្យស្ត្រីជនជាតិចិននោះឡើងជិះដើម្បីបន្លំគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះ ព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អ្នកបើកបររថយន្តតាក់ស៊ីនោះ បានសន្យាឱ្យប្រាក់ទៅអ្នកបើករថយន្តដឹកទំនិញចាយខ្លះ ហើយខ្លួនបានបន្លំបើករថយន្តគេចទៅរង់ចាំទទួលស្រ្តីជនជាតិចិនខាងលើ នៅខាងមុខគោលដៅត្រួតពិនិត្យជាមុន។

ដោយសាររង់ចាំយូរពេកទើបខ្លួនបានទំនាក់ទំនងទៅខាងរថយន្តដឹកទំនិញទើបដឹងថា ត្រូវបានសមត្ថកិច្ចឃាត់ហើយ ពេលនោះដោយមានការភិតភ័យ ខ្លួនបានបើករថយន្តចោលស្ត្រីជនជាតិចិននោះឆ្ពោះមករាជធានីភ្នំពេញតែម្តង និងរហូតមកដល់ថ្ងៃទី៩មីនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

សូមជម្រាបថា នៅថ្ងៃទី៩មីនាឆ្នាំ២០២១ រដ្ឋបាលលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជាវិធានការ ចំពោះជនទាំងនោះ គឺត្រូវអនុវត្តតាមអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំពោះស្ត្រីជនជាតិចិននោះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់ មកវិញជារៀងរហូត។

ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី១០លានរៀល ទៅ ៥០លានរៀល ដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញ ពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក យោងតាមមាត្រា១១ នៃអនុក្រឹត្យខាងលើ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner