រថយន្ដក្រឡុកស៊ីម៉ង់បន្លំដឹកអ្នកដំណើរចេញពីខេត្តព្រះសីហនុ ត្រូវកម្លាំងនគរបាលឃាត់បាននៅស្រុកព្រៃនប់
ព្រះសីហនុ៖ រថយន្តក្រឡុកស៊ីម៉ង់ត៌ចំនួន០១គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះ ទៅខេត្តកំពត បានបន្លំដឹកអ្នកដំណើរម្នាក់ ឆ្លងគោលដៅសមត្ថកិច្ចត្រួតពិនិត្យត្រង់ចំនុចស្ពានត្រពាំងរពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ឃាត់មកអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះបញ្ជាក់ថា រថយន្ដមួយគ្រឿង ដែលបន្លំដឹកអ្នកដំណើរនេះ ត្រូវសមត្ថកិច្ចឃាត់បាននៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដែលមានអ្នកបើកបរឈ្មោះ ទៀង ផាន់នី អាយុ៣៩ឆ្នាំ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជឿនលឿន ពាក់ស្លាកលេខភ្នំពេញ 3A-9421។
សមត្ថកិច្ចបានអះអាងថា រថយន្ដនេះមានគោលដៅពីខេត្តព្រះសីហនុឆ្ពោះ ទៅខេត្តកំពត ហើយបានបន្លំដឹកអ្នកដំណើរម្នាក់ (ខ្មែរ) ជាបុគ្គលិកបម្រើការនៅកាស៊ីណូមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ មកដល់គោលដៅត្រួតពិនិត្យក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង។ រថយន្ដខាងលើនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។
ដោយឡែក ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឲ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តព្រះសីហនុ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕