អ្នកជំនាញកំពុងសិក្សាផូស៊ីលឆ្អឹងសត្វនៅកោះប៉ោ ខេត្តកោះកុង
អត្ថបទដោយ៖
ធី ដា
ក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹង រកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានឱ្យដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ថាផូស៊ីលឆ្អឹងសត្វកប់ក្នុងថ្ម មានប្រវែង៧០ស.ម និងទទឹង២០ស.ម។
លោក លឹម វណ្ណច័ន្ទ បានបន្ថែមថានេះអាចជាផូស៊ីលឆ្អឹងសត្វដំបូងដែលរកឃើញនៅកម្ពុជា និងលេចចេញមក ក្នុងស្រទាប់ថ្មភក់ ផ្នែកខាងក្រោមនៃកោះ ទឹកសមុទ្រច្រោះរាល់ថ្ងៃ។ តាមរយះផែនទីភូគព្ភសាស្ត្រតំបន់នេះមានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំ) មានន័យថា អាចមានទំនាក់ទំនងនិងសត្វដែលរស់នៅក្មុងពេលដែលដាយណូស័រនៅមានជីវិត។
ក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាននឹងបន្តសិក្សាបន្ថែមទៀតដោយសហការជាមួយអ្នកជំនាញផ្នែកសត្វបុរាណជួយក្នុងការកំណត់ប្រភេទសត្វ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕