រថយន្ត Mercedes GL320 មួយគ្រឿង បុករះខឿនរង្វង់មូលបន្តជ្រុលទៅបុកគល់ឈើមួយដេីម បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តម៉ាក Mercedes GL320 បានបើកបុករះខឿនរង្វង់មូលមហាវិថីឈ្នះឈ្នះ រួចបន្តជ្រុលទៅទុកគល់ដើមឈើមួយដេីមទៀត បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហើយត្រូវបានសមត្ថកិច្ចប្រទះឃេីញ ដោយម្ចាស់រថយន្តមិននៅកន្លែងកេីតហេតុនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចរង្វង់មូលទី១ នៃសួនច្បារខាងកើតស្ពានព្រែកព្នៅ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គេបានប្រទះឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Mercedes GL320 ពណ៌ស ពាកស្លាក់លេខ ភ្នំពេញ 2AG-0899 នៅជាប់គល់ដើមឈើ ត្រង់រង្វង់មូលសួនច្បារមហាវិថីឈ្នះឈ្នះ ដោយមានសភាពខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯដេីមឈេី ក៏របេីកសំបកផ្នែកគល់នៃដេីមផងដែរ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តស៊េរីទំនើប Mercedes GL -320 មួយគ្រឿងនេះ សង្ស័យម្ចាស់បើកបរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់រង្វង់មូលសួនច្បារ ត្រង់ចំណុចកើតហេតុ ដោយម្ចាស់រថយន្តខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករបាំងថ្មរង្វង់មូលពេញទំហឹង ហើយដោយរថយន្តមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅបុកដើមឈើមួយដើមទៀត ទើបទៅមុខលែងរួច ចំណែកឯ ម្ចាស់រថយន្តបានចាកចេញបាត់ទៅ ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ។ ក្នុងហេតុការណ៍នេះ គេមិនដឹងថាម្ចាស់រថយន្តមានរបួសឬក៏អត់នោះទេ។ លុះព្រឹកឡើងវេលាម៉ោង៨ និង៣០នាទី ទើបប្រជាពលរដ្ឋប្រទះឃើញរថយន្តរួចរាយការណ៍ទៅសមត្ថកិច្ចចុះទៅមេីលដល់កន្លែងកេីតហេតុ។
ក្រោយពេញកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ រួចស្ទួចយករថយន្តទៅរក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាជាបណ្តោះអាសន្ន ដេីម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕