លោកហួរ ឡាវី តារាចម្រៀងជើងចាស់ ត្រូវ​បាន​​ក្រុមគ្រូពេទ្យចុះយកសំណាកធ្វើតេស្ត ដល់ផ្ទះ ក្រោយភរិយា និងកូនស្រីលោកមានកូវីដ-១៩

អត្ថបទដោយ៖
ជា សេឌី

តារាចម្រៀងជើងចាស់ លោកគ្រូ ហួរ ឡាវី ត្រូវបានក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាល ចុះយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ-១៩ បន្ទាប់ពីលោកស្រី នួន សុផាន្នី ដែលជាភរិយារបស់លោក និងតារាចម្រៀង វី ឌីណែត ដែលជាកូនស្រី មានជំងឺកូវីដ-១៩។

ការចុះយកសំណាកតារាចម្រៀង ជើងចាស់ ហួរ ឡាវី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅគេហដ្ឋានរបស់លោក ស្ថិតនៅបុរី KP ភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ខណៈបច្ចុប្បន្នកំពុងរង់ចាំលទ្ធផលធ្វើតេស្ត និងធ្វើចត្តាឡីស័ក។

ក្នុងហ្វេសប៊ុកផ្លូវការរបស់លោកគ្រូ ហួរ ឡាវី បានបង្ហាញសារថា «ថ្ងៃនេះខ្ញុំបាទ ហួរឡាវី និងចៅប្រុស បានពិនិត្យសំណាករកមេរោគ covid-19 រួចរាល់ហើយខ្ញុំកំពុងរង់ចាំលទ្ធផលពិនិត្យពីក្រុមគ្រូពេទ្យ។ បច្ចុប្បន្នសុខភាពខ្ញុំមានអាការៈធម្មតាទេ។ អរគុណសម្រាប់ការសួរសុខទុក្ខ និងក្តីបារម្ភពីបងប្អូនញាតិមិត្តក្នុងនិងក្រៅប្រទេស។ សូមសំណូមពរដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងខ្ញុំ និងសមាជិកគ្រួសារខ្ញុំក្នុងរយៈពេលមួយរយៈនេះពិនិត្យសំណាកនឹងរួមគ្នាធ្វើចត្តឡីស័កទាំងអស់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះទាំងអស់គ្នា»។

គួរជម្រាបថា នៅក្នុងមជ្ឈដ្ឋានសិល្បៈ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនបានកត់សម្គាល់ឃើញថា អ្នកសិល្បៈល្បីៗមួយចំនួនបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្នុងនោះបន្ទាប់ពីពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត, តារាចម្រៀង អ្នកនាង សុគន្ធ នីសា, និង លោក Eco Vak Song ដែលជាផលិតករ និងជាអ្នកដឹកនាំម្នាក់ របស់ហង្សមាសជាដើម។ តែយ៉ាងណា បណ្តាអ្នកគាំទ្របានជូនពរជាបន្តបន្ទាប់ឲ្យតារាខាងលើឆាប់ជាសះស្បើយឡើងវិញ និងសូមឲ្យសិល្បករផ្សេងទៀត ជៀសផុតពីជំងឺកូវីដ-១៩ ផងដែរ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner