រថយន្ត Mazda មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តពន្លត់អគ្គិភ័យបុកពេញទំហឹង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ៖ រថយន្ត Mazda មួយគ្រឿង បើកបរដោយបុរសម្នាក់ខ្វះការប្រុងប្រយ័ត្ន មិនស្ដាប់សំឡេងស៊ីរ៉ែនរបស់រថយន្តពន្លត់អគ្គិភ័យ ត្រូវបានរថយន្តពន្លត់អគ្គិភ័យបុកចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យរថយន្ត Mazda រងការខូចខាតយ៉ាងដំណំ ក្រោយពេលចេញមកពីធ្វើការអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងពូកមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ក្រោយពេលចេញអន្តរាគមន៍ ក្នុងប្រតិបត្តិការចុះពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងដាក់ពូក នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈពេលរថយន្ដពន្លត់អគ្គិភ័យមកដល់ផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក៏បានឆ្លងផ្លូវបត់ឆ្វេងដៃ ដើម្បីទៅយកទឹកបន្តទៀត តែស្របពេលកំពុងបត់នោះ ស្រាប់តែមានរថយន្ត Mazda មួយគ្រឿង ពណ៌ស ពាកស្លាក់លេខ ភ្នំពេញ 2AY-9385 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ដោយគាត់ចង់ជាន់ហ្គារបន្ថែម ដើម្បីឲ្យផុតរថយន្តពន្លត់អគ្គិភ័យដែរ តែជាន់ហ្គារមិនផុត ក៏ត្រូវបានរថយន្តពន្លត់អគ្គិភ័យបុកចំពីក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្ត Mazda រងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ចំណែកឯ រថយន្តពន្លត់អគ្គិភ័យមិនបានឈប់នៅទីតាំងកើតហេតុនោះឡើយ ព្រោះប្រញាប់ទៅយកទឹក ដើម្បីត្រឡប់ទៅជួយធ្វើការអន្តរាគមន៍ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យបន្តទៀត។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានចុះមកដល់ចំណុចកើតហេតុ ដើម្បីធ្វើការដោះស្រាយ ដោយម្ចាស់រថយន្ត Mazda យល់ព្រមយករថយន្តទៅជួសជុលដោយខ្លួនឯង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner