ឯកឧត្តម មាស សុភ័ណ្ឌ ៖ ដំណាក់កាលរីករាលដាលកូវីដ-19 អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានពិតទៅកាន់សាធារណជន

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ជំងឺផ្លូវដង្ហើមកូវីដ-19 កំពុងកើនឡើងនៅក្នុងសហគមន៍ធ្វើឱ្យមនុស្សគ្រប់គ្នាកំពុងចលាចលយ៉ាងខ្លាំងនៅក្នុងការរស់នៅ ចំណែកប្រ​ព័​ន្ធ​ផ្សព្វ​ផ្សា​យគ្រប់ទម្រង់នៅពេលនេះក្លា​យ​​ជាផ្នែកមួយសំខាន់ផ្តល់ព័ត៌មាន និងចែករំលែកព័ត៌មានទៅដល់សាធារណជន។ ប៉ុន្តែព័ត៌មានខ្លះនៅលើបណ្ដាញសង្គមបានផ្សព្វផ្សាយដោ​យ​ខ្វះប្រភពច្បាស់លាស់ និងគ្មានទំ​នួលខុ​ស​ត្រូវក្នុងវិជ្ជាជីវៈសារព័ត៌មាន។ ក្នុងដំណាក់កាលនេះ ក្រសួងព័ត៌មានចាត់ទុកអ្នកសារព័ត៌មាន មានកាតព្វកិច្ចសំខាន់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត។ 

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យមានប្រសាសន៍ថា ក្នុងអំឡុងពេលដែលជំងឺកូវីដ-19 កំពុងកើតឡើងនៅតាមស​ហ​គមន៍ អ្នកសារព័ត៌មាន និងអ្នកផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមនានា ត្រូវចែករំលែកព័ត៌មានត្រឹមត្រូវ មានប្រភពច្បាស់លាស់ពីអ្នកជំនាញ រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល។

ដើម្បីដឹងថាព័ត៌មានពិត ឬមិនពិត ឯកឧត្តម មាស សុភ័ណ្ឌ មានប្រសាសន៍បន្តថា អ្នកទទួលព័ត៌មានគួរពិនិត្យមើលចំណងជើងព័ត៌មាន ប្រភ​ព​ព័ត៌មានឱ្យច្បាស់លាស់ ពិនិត្យលើកាលបរិច្ឆេទព័ត៌មានចុះផ្សាយ និងកត់សម្ភាល់ឱ្យច្បាស់ទៅលើអ្នកសរសេរព័ត៌មាន។ ទន្ទឹមគ្នានេះ អ្នកទទួលព័ត៌មានត្រូវពិនិត្យមើលរូបភាពរួមជាមួយហេតុការណ៍ផ្សព្វផ្សាយ និងត្រូវដឹងថាស្ថាប័នព័ត៌មានណាមួយចេញផ្សាយព័ត៌មាននោះ។ 

ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា “ក្នុងដំណាក់កាលកូវីដ-19 ការចែករំលែកព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ! ពួកគាត់ភ័ណ្ឌច្រឡំ ភ័យខ្លាច ប្រទេសជាតិមានភាពច្របូកច្របល់ ហើយថែមទាំងធ្វើឱ្យប៉ះពាល់ទៅដល់ការសម្រេចចិត្តរបស់ពួកគាត់នៅក្នុងការធ្វើអ្វីមួយផងដែរ”។

អ្នក​សារព័ត៌​មា​នមានក្រមសីលធម៌និងវិជ្ជាជីវៈ ជាអ្នកសារព័ត៌មានទាំងឡាយណាដែលផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ យុតិ្តធម៌ ស្មោះត្រង់ មានប្រភពច្បាស់លាស់ពីគ្រប់ភាគីពាក់ព័ន្ធ និងត្រូវគោរពច្បាប់នៃព្រះរាជាណាចក្រ​កម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម មាស សុភ័ណ្ឌ ។

សូមជម្រាបថា កន្លងទៅក្រសួងព័ត៌មានបានក្រើនរំលឹកទៅដល់អ្នកសារព័ត៌មានឱ្យផ្សព្វផ្សាយព័ត៌មានដែលប្រភពច្បាស់លាស់ គោរពច្បាប់របរសារព័ត៌មាន ប្រសិនបើជនណាប្រព្រឹត្តផ្ទុយពីនេះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner