អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំ នូវទីតាំងចំនួន០២កន្លែងក្នុងស្រុករតនមណ្ឌលដើម្បីធ្វើជាកន្លែងឈាបនដ្ឋានសម្រាប់បួជាសព អ្នកស្លាប់ដោយកូវីដ-19 និងទីកន្លែងសំរាប់បញ្ចុះសពបងប្អូនសាសនិកខ្មែរឥស្លាម

អត្ថបទដោយ៖
Kien Sereyvuth

   អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូខេត្តមួយក្រុម  ដោយមានវត្តមានឯកឧត្តម អស់លោកជាអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ មួយចំនួន ព្រមទាំងអស់លោកជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃស្រុករតនមណ្ឌល បានចុះទៅពិនិត្យមើលនូវទីតាំងមួយកន្លែង ដែលគ្រោងនិងសាងសង់”ទីឈាបនដ្ឋានបូជាសព” អ្នកដែលបានស្លាប់ដោយជម្ងឺរាតត្បាតកូវីដ-19។ ទីតាំងដែលត្រូវសាងសង់ឆាប់ខាងមុខនេះ គឺ៖ស្ថិតនៅក្នុងព្រៃធម្មជាតិមួយកន្លែង ក្បែរទីតាំង “វត្តភ្នំស្លឹក” ក្នុងភូមិសាស្ត្រ ឃុំស្តៅ នៃ ស្រុករតនមណ្ឌល។

       ការចុះពិនិត្យមើលនូវទីតាំងខាងលើនេះ បានប្រព្រឹត្តទៅនៅ ថ្ងៃទី១៦ខែមីនាឆ្នាំ២០២១នេះនិងបន្ទាប់ពីដំណើរចុះត្រួតពិនិត្យមើលបងប្អូនពលករនៅតាមមណ្ឌលចត្តាឡីស័កក្នុងស្រុកមួយចំនួនតាមបន្ទាត់ព្រំដែនភាគខាងលិចរបស់ខេត្តបាត់ដំបងហើយក្នុងការចុះពិនិត្យទីតាំងដែលគ្រោងរៀបចំកសាងទីកន្លែងបូជាសពនេះ ក៏មានវត្តមាន ព្រះគ្រូចៅអធិការវត្តភ្នំស្លឹក ចូលរួមផងដែរ។

      ការចុះទៅពិនិត្យទីតាំងដ៏សមគួរ ក្នុងការសាងសង់នូវទីកន្លែងឈាបនកិច្ច ដើម្បីបូជាសពអ្នកដែលស្លាប់ដោយសារជម្ងឺឆ្លងកូវីដ-19 នេះ គឺធ្វើឡើងបន្ទាប់ពីមានការណែនាំ និងអនុសាសន័ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបទបញ្ជានិងវិធានការបន្ទាន់ដល់អាជ្ញាធរខេត្ត រាជធានី ឲ្យពិនិត្យមើលទីតាំងសមស្របដើម្បីធ្វើទីតាំងសម្រាប់បូជាសព អ្នកដែលស្លាប់ដោយជម្ងឺឆ្លងដ៏កាចសាហាវ កូវីដ-19 តាមបណ្តាខេត្តនីមួយៗ របស់ខ្លួន ដើម្បីត្រៀមបង្ការជាមុន។

       បើតាមការគូសបញ្ជាក់ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅក្នុងការចុះពិនិត្យមើលទីតាំងសាងសង់ទីឈាបនដ្ឋានសម្រាប់ធ្វើកិច្ចបូជាសពអ្នកដែលស្លាប់ ដោយជម្ងឺឆ្លងកូវីដ-19 ស្ថិតក្នុងព្រៃធម្មជាតិមួយកន្លែង ក្នុងបរិវេណនៃ វត្តភ្នំស្លឹកឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា៖ ទីតាំងនេះពិតជាសមរម្យធ្វើកន្លែងបូជាសព។ ហើយជាមួយគ្នានោះ ព្រះគ្រូចៅអធិការវត្តភ្នំស្លឺក ក៏ព្រះអង្គផ្តល់ការគាំទ្រ រួមនិងអាជ្ញាស្រុកឃុំនៅទីនេះក៏មានការឯកភាពនិងគាំទ្រផងដែរ។

       ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ នៅទីតាំងនេះគឺសម្រាប់តែសពដែលត្រូវបូជាគឺបូជានៅទីនេះ។ដោយឡែកសពបងប្អូន ដែលជាសាសនិកខ្មែរ-ឥស្លាមនិងបងប្អូនជនជាតិទាំងអស់ដែលបានស្លាប់ដោយជម្ងឺឆ្លងកូវីដ-19 ក៏មានទីកន្លែងមួយទៀត ដើម្បីទុកបញ្ចុះសពបងប្អូនសាសនិកផងដែរ។ ដោយក្នុងនោះរដ្ឋបាលខេត្តបានគ្រោងទុកទីតាំងមួយកន្លែងនៅក្នុងឃុំរស្មីសង្ហារ ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុករតនមណ្ឌលនៃខេត្តបាត់ដំបង ហើយទីតាំងដែលគ្រោងនោះ គឺជាទីតាំងស័ក្តិសមក្នុងការបញ្ចុះសពបានដ៏សមគួរសម្រាប់បងប្អូនជនជាតិយើង ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner