លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជួយរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់នៅតំបន់ជ្រៃធំ ខេត្តកណ្ដាល

អត្ថបទដោយ៖
Kien Sereyvuth

លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅថ្ងៃទី១៧មីនា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យ និងជួយរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះនៅតំបន់ជ្រៃធំ ខេត្តកណ្ដាល។
បើយោងតាម ទំព័រហ្វេសប៊ុកផ្លូវការរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៧មីនាឆ្នាំ២០២១ ដំណើរចុះពិនិត្យនោះ គឺធ្វើឡើងដោយឆ្លើយតបទៅនឹងសំណូមពរពីអជ្ញាធរខេត្តកណ្តាលដែលកំពុងធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩ និងដោយសារករណីអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តមានការកើនឡើងជាគំហុកក្នុងប៉ុន្មានថ្ងៃនេះជាពិសេសនៅតំបន់ជ្រៃធំតែម្តង ដែលក្រុមការងារបច្ចេកទេសសុខាភិបាល ត្រូវរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់ក្នុងតំបន់នេះផងដែរ។ សូមជម្រាបជូនថាស្ថានភាពជំងឺកូវីដ-១៩ ក្នុងខេត្តកណ្តាល នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការកើនឡើងជាគំហុក។ សម្រាប់ខេត្តកណ្តាលថ្ងៃទី១៧មីនាឆ្នាំ២០២១ បានឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ ខណៈដែលថ្ងៃ១៦មីនា បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ រហូតដល់ចំនួន៦៤នាក់។ ខេត្តកណ្ដាលគិតមកដល់ថ្ងៃទី១៧មីនាឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន១៥៨នាក់។ កម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០២១ តួលេខជាសរុប បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១ពាន់៥០៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៨៤០នាក់, នៅសល់អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់ និងករណីស្លាប់ចំនួន១នាក់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner