សេដ្ឋកិច្ចអាមេរិកអាចនឹងហក់ឡើងខ្ពស់នៅក្នុងឆ្នាំ2021នេះ

បរទេស៖ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការអះអាងថាកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំនេះនឹងមានសន្ទុះ​ខ្លាំងជាងការព្យាករណ៍ចុងក្រោយ ដោយសារតែល្បឿនដ៏លឿននៃការចាក់វ៉ាក់សាំងព្រមទាំងការហូរចូលនៃកញ្ចប់ជំនួយដ៏សម្បើមរបស់រដ្ឋាភិបាលចូលទៅក្នុងសេដ្ឋកិច្ចជាតិផងដែរ។

តាមរយៈការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃដដែលនេះអជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារប្រាក់បម្រុងរបស់អាមេរិកបានធ្វើការព្យាករណ៍សារជាថ្មីថា សេដ្ឋកិច្ចជាតិរបស់អាមេរិកនឹងមានកំណើនឡើងរហូតទៅដល់ 6.5 ភាគរយនៅក្នុងឆ្នាំ2021នេះ ពោលគឺច្រើនជាងការព្យាករណ៍ចុងក្រោយកាលពីខែធ្នូ ឆ្នាំ2020 ដែលមានត្រឹមតែ 4.2 ភាគរយប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ បើទោះជាអាចមានកំណើនសេដ្ឋកិច្ចខ្លាំងបែបនេះក្តី ប៉ុន្តែរដ្ឋាភិបាលគឺមិនមានបំណងក្នុងការបង្កើនអត្រាការប្រាក់នោះឡើយ ដោយរដ្ឋាភិបាលនៅតែរក្សាអត្រាប្រាក់កម្ចីស្ថិតនៅក្នុងកម្រិតស្ទើរស្មើសូន្យដដែលរហូតដល់ឆ្នាំ2023។

ប្រធានអជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារប្រាក់បម្រុងរបស់អាមេរិកលោក Chair Jerome Powell បាននិយាយថា ធនាគារទាំងអស់ចង់ឃើញពីចំនួន និងភស្តុតាងជាក់ស្តែងដែលបង្ហាញថាសេដ្ឋកិច្ចអាមេរិកពិតជាងើបឡើងវិញមុនពេលដែលខ្លួនសម្រេចចិត្តក្នុងការដោះដូរគោលការណ៍ថ្មី។ លោកបន្តថាមនុស្សរាប់លាននាក់នៅតែបន្តគ្មានការងារធ្វើ ហើយផ្នែកជាច្រើននៅក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិនៅតែទទួលរងនូវផលប៉ះពាល់នៅឡើយ ដូចជាវិស័យបដិសណ្ឋារកិច្ច និងកំសាន្តជាដើម។ ផលប៉ះពាល់ទាំងអស់នេះនៅតែបន្តធ្វើឱ្យលទ្ធភាពនៃការរកចំណូលប្រចាំថ្ងៃ ប្រចាំខែរបស់ក្រុមជនជាតិភាគតិច និងក្រុមដែលទទួលបានប្រាក់កម្រៃតិចតួចជួបភាពប្រឈមដដែល៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner