អធិការនគរបាលខណ្ឌដង្កោនាំយកអំណោយរបស់ ឧត្តមសេនីយ៍ឯក ស ថេត ជាស្បៀង​អាហារជូនដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះចំនួន២៥គ្រួសារ នៅក្នុងបុរី​ពិភពថ្មីកួរស្រូវ៣

អត្ថបទដោយ៖
ជា សេឌី

ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ​ចំនួន២៥គ្រួសារ ប្រឈមខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ស្ថិតនៅក្នុងបុរីពិភពថ្មីកួរស្រូវ៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោរាជធានីភ្នំពេញ   ទទួលបានអំណោយជាស្បៀងអាហារដែល​ជាការឧបត្ថម្ភរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនករបាលរាជធានីភ្នំពេញ ។

អំណោយជាស្បៀងអាហារ រួមមាន៖ មី, ទឹកសុទ្ធ ទឹកស៊ីអ៊ីវ និងសាប៊ូដុសខ្លួន បានផ្តល់ជូនប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ តាមរយៈលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ។

 លោកអធិការនគរបាលខណ្ឌដង្កោ ​ក៏បានសំណេះសំណាលជាមួយប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ដោយបានលើកឡើងថា  ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ពិនិត្យឃើញពីការលំបាកក្នុងជីវភាព ខណៈដែលបងបងប្អូនកំពុងធ្វើចត្តាឡីស័ក ក៏បានឧបត្ថម្ភជាស្បៀងអាហារជូនដល់បងប្អូន ក្នុងការចូលរួមជាមួយអាជ្ញាធរនិងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយទុក្ខលំបាករបស់បងប្អូន។ កាយវិកាដ៏សប្បុរសនេះគឺជាការបង្ហាញនូវការយកចិត្តទុកដាក់ជាទីបំផុតរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅគ្រាដែលបងប្អូនកំពុងប្រឈមភាពខ្វះខាតក្នុងជីវភាពដោយសារតែជំងឺឆ្លងកូវីដ១៩។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា ក៏បានណែនាំដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ អនុវត្តឱ្យបានខ្ជាប់នូវវិធានរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់កុំឱ្យជំងឺឆ្លងកូវីដ១៩នេះ ទៅឆ្លងរាលដាលចូលសហគមន៍ផ្សេងទៀត។

សូមបញ្ជាក់ថា បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានសង្កាត់រលួសឱ្យដឹងថា នៅក្នុងបុរីពិភពថ្មីកួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ មានប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កសរុបចំនួន៣៦គ្រួសារ។ពួកគាត់ទទួលបានអំណោយពីអាជ្ញាធរខណ្ឌដង្កោជាបន្តបន្ទាប់រួចហើយផងដែរ។ ប្រជាពលរដ្ឋទាំងនេះបានធ្វើចត្តាឡីស័ករយៈពេលប្រមាណ១សប្តាហ៍ នឹងបានធ្វើតេស្តលើកទី១គឺអវិជ្ជមាន ក្រោយជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner