លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បង្ហាញពីទស្សនទាន 5 ចំណុចពាក់ព័ន្ធនឹងការអំពាវនាវរបស់រដ្ឋាភិបាលចំពោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យ
ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្ដីអំពាវនាវស្នើដល់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុដល់អតិថិជន លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋានបានបង្ហាញពីទស្សនទានចំនួន5ចំណុច ក្រោមការលើកឡើងពីភាពល្អប្រសើរចំពោះអតិថិជន និងផលលំបាករបស់អ្នកអភិវឌ្ឍន៍ក៏ដូចជាអ្នកពាក់ព័ន្ធផងដែរ។
តាមរយៈគណនីផ្លូវការនៃបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី23 ខែមីនា ឆ្នាំ២០២១នេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងចំពោះការយល់ឃើញពាក់ព័ន្ធទៅនឹងសេចក្ដីអំពាវនាវចំនួន5ចំណុចយ៉ាងដូច្នេះថា ៖
1- ក្នុងនាមអ្នកទិញផ្ទះ ឬខុនដូ គឺពិតជាគាំទ្រ 100%។
2- ក្នុងនាមអ្នកអភិវឌ្ឍន៌បុរី ឬខុនដូ គឺពិតជាពិបាកទទូលយកណាស់ ដោយសារលុយសម្រាប់សាងសង់ឱ្យចប់គំរោងនីមួយៗ គឺបានមកពីម្ចាស់គំរោងផ្ទាល់ខ្លួន ខ្លះ បានមកពីកម្ចីធនាគារខ្លះ និងបានមកពីអ្នកទិញបង់ជាប្រចាំខែខ្លះ ហើយបើសិនជាការបង់ប្រចាំខែរបស់អ្នកទិញមានបញ្ហា នោះម្ចាស់គំរោងជាច្រើន នឹងមិនមានលុយគ្រប់គ្រាន់ដើម្បីបញ្ចប់ការសាងសង់ តាមការកំណត់ទេ។
3- ក្នុងនាមធនាគារ អ្នកលក់សម្ភារៈសំណង់ អ្នកម៉ៅការសាងសង់ និងកម្មករសាងសង់ គឺពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះបើសិនជាអ្នកអភិវឌ្ឍន៍បុរី ឬខុនដូ មិនបានទទូលការបង់ប្រចាំខែពីអ្នកទិញទេ នោះពួកគាត់ក៏នឹងខ្វះលុយបង្វិលក្នុងការសងត្រឡប់ទៅធនាគារ សងថ្លៃសម្ភារៈសំណង់ សងថ្លៃពលកម្ម និងការចំណាយផ្សេងទៀត ដោយពួកគាត់អាចបញ្ឈប់ការសាងសង់ ឬពន្យារពេលការសាងសង់ ហើយអាចធ្វើឱ្យចរន្តលុយសងធនាគារ ការប្រើប្រាស់សម្ភារៈសំណង់ និងការប្រើប្រាស់កម្លាំងពលកម្មធ្លាក់ចុះ ដោយមនុស្សកាន់តែច្រើននឹងបាត់បង់ការងារ និងមុខរបរ។
4- ក្នុងនាមពលរដ្ឋកម្ពុជាម្នាក់ មានការសប្បាយចិត្ត ដែលថ្នាក់ដឹកនាំប្រទេសយកចិត្តទុកដាក់ចំពោះជីវភាពប្រចាំថ្ងៃ របស់ប្រជាជន ពិសេសក្នុងស្ថានភាពលំបាក នៃ Covid19។
5- ក្នុងនាម គីម ហ៊ាង ជាអ្នកសិក្សារៀនសូត្រម្នាក់ យល់ឃើញថា ប្រកាសនេះគឺពិតជាសំខាន់ និងត្រឹមត្រូវ តែខុសពេល ព្រោះអ្វីដែលឧស្សាហកម្មដីធ្លី និងសេដ្ឋកិច្ចជាតិកម្ពុជា ត្រូវការពិតប្រាកដ គឺសេវាកម្មរដ្ឋបាលសាធារណៈ ដែលមានលឿន រហ័ស ត្រឹមត្រូវ ប្រកបដោយតម្លាភាព និងមានការទទូលខុសត្រូវ ដោយត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់ ពិសេសគឺការចូលរួមពីផ្នែកឯកជនផ្ទាល់តែម្តង! អ្វីៗដើម្បីការរីកចំរើនផ្នែកដីធ្លី និងសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តភាពនៅកម្ពុជា។
គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី22 ខែមីនា ឆ្នាំ2021ម្សិលមិញនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យឱ្យបន្ធូរបន្ថយស្ថានភាពបង់លុយរបស់អតិថិជនរបស់ពួកគេក្នុងស្ថានភាពដែលរងគ្រោះខ្លាំងដោយ Covid-19 ។
យោងតាមសេចក្តីថ្លែងការណ៍រួមនៅក្នុងបរិបទនៃស្ថានភាព Covid-19 បច្ចុប្បន្នរដ្ឋាភិបាលបានអំពាវនាវដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យពិនិត្យមើលការបន្ធូរបន្ថយលក្ខខណ្ឌបង់ប្រាក់សម្រាប់អ្នកដែលបានទិញលំនៅដ្ឋាន និងអចលនទ្រព្យដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់ពួកគេដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុ ។
អ្នកអភិវឌ្ឍន៍អចលនទ្រព្យគួរតែលើកលែងការពិន័យការទូទាត់យឺតសម្រាប់អ្នកដែលបានទិញផ្ទះនៅក្នុងគម្រោងបុរី ឬអគារសហកម្មសិទ្ធិ។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់ត្រូវចេញគោលការណ៍ការពារដល់អតិថិជនរបស់ខ្លួន ហើយត្រូវអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាពចាប់ពីពេលនេះរហូតដល់ចុងខែមីនាឆ្នាំ2022 ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងបន្តតាមដានការវិវឌ្ឍន៍ថ្មីនៃស្ថានភាពជំងឺ Covid-19 និងផ្តល់កិច្ចសហការល្អ ក្នុងការអនុវត្តវិធានការទាំងនោះដល់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ៕