កុមារគេងមិនគ្រប់គ្រាន់ ប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពជីវិតនិងការសិក្សា
ឪពុកម្តាយមួយចំនួនតែងធ្វេសប្រហែសចំពោះទម្លាប់គេងរបស់កូន ដោយសារតែជាប់រវល់ការងារច្រើនពេក ឬគិតថាវាមិនមែនជារឿងសំខាន់។ ក៏ប៉ុន្តែតាមការស្រាវជ្រាវរបស់អ្នកជំនាញអប់រំកុមារបានរកឃើញថា សកម្មភាពលេងកម្សាន្ត សកម្មភាពសិក្សា និងពេលវេលាគេងរបស់កូនជាប្រការសំខាន់បំផុត ដែលម្តាយឪពុកត្រូវយកចិត្តទុកដាក់។ ប្រសិនបើកុមារទទួលទានដំណេកមិនគ្រប់គ្រាន់ នោះពួកគេនឹងមានបញ្ហាសុខភាព ព្រមទាំងប៉ះពាលដល់សកម្មភាពខួរក្បាលយ៉ាងខ្លាំង។ ខាងក្រោមនេះជាចំណុចប៉ះពាល់មួយចំនួនកើតចេញពីទម្លាប់ទទួលទានដំណេកមិនគ្រប់គ្រាន់។
១. កុមារខ្សោយជំនាញរៀបចំនិងផែនការ៖ ការគេងមិនគ្រប់គ្រាន់នឹងធ្វើឱ្យប៉ះពាល់របៀបគិតរបស់កុមារ។ កុមារក្លាយជាមនុស្សខ្សោយជំនាញរៀបចំ ភ្លេចភ្លាំងនិងមិនចេះធ្វើផែនការដោះស្រាយបញ្ហា។ ឧទាហរណ៍នៅពេលដែលក្មេងងងុយគេងខ្លាំង នឹងធ្វើឱ្យពួកគេភ្លេចភ្លាំងពីការរៀបចំសម្ភារៈសិក្សា សៀវភៅ កាលវិភាគ ឬភ្លេចធ្វើលំហាត់ជាដើម។
២. កុមារគេងមិនគ្រប់បណ្តាលឱ្យអារម្មណ៍មួរម៉ៅ ៖ គេងមិនគ្រប់គ្រាន់នឹងធ្វើឱ្យកុមារលំបាកគ្រប់គ្រងខ្លួនឯង និងមានអារម្មណ៍មួរម៉ៅខ្លាំង។ ប្រសិនបើបន្តបែបនេះទៀតនឹងធ្វើឱ្យប៉ះពាល់ដល់ឥរិយាបថរបស់ពួកគេ វាប្រែប្រួលខ្លាំងមិនងាយគ្រប់គ្រង ឬអាចក្លាយជាក្មេងរឹងទទឹងពិបាកនិយាយគ្នា។
៣. ក្លាយជាកុមារខ្ជីខ្ជារលើការងារ៖ ក្មេងដែលគេងមិនបានគេងគ្រប់គ្រាន់ អាចផ្លាស់ប្តូរអារម្មណ៍ខ្លួនងាយ និងប្រែប្រួលគ្រប់ពេល។ ពួកគេងាយនឹងបង្កើតកំហុសនិងបញ្ហាដោយមិនបានតាំងចិត្ត ហើយអារម្មណ៍ទៅលើការងារសាលាក៏នឹងធ្លាក់ចុះបន្តិចម្តងៗ សូម្បីតែខ្លឹមសារអ្វីមួយដែលគ្រូកំពុងនិយាយនៅក្នុងពេលរៀនក៏គ្មានតម្លៃសម្រាប់រូបគេដែរ។
៤. ការចងចាំរបស់កុមារធ្លាក់ចុះជាលំដាប់ ៖ ក្រៅពីអស់កម្លាំងគ្មានថាមពល គេងមិនគ្រប់ប៉ះពាល់យ៉ាងខ្លាំងដល់ការចង់ចាំរបស់កុមារ។ ផលនៃឥរិយាបថគេងមិនគ្រប់គ្រាន់ទាំងបីខាងលើនឹងធ្វើឱ្យកុមារក្លាយជាមនុស្សគ្មានថាមពលលើដំណើរជីវិត ការសិក្សា ការងារ និងឱកាសជោគជ័យផ្សេងៗ។ ការគិតរបស់កុមារនឹងយឺតជាលំដាប់ដោយសារភាពស្ពឹកស្រពន់។ ទម្លាប់ប្រើប្រាស់ ឬលេងស្មាតហ្វូន ទម្លាប់មើលបណ្តាញសង្គម ទម្លាប់ប្រើប្រាស់ឧបករណ៍អេឡិកត្រូនិកលើសប្រមាណ ជាបុព្វហេតុចម្បងដែលម្តាយឪពុកមិនគួររំលងឥរិយាបទរបស់កូន៕