វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូច នឹងមកដល់កម្ពុជានាប៉ុន្មានថ្ងៃខាងមុខ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងមានវត្តមានទទួល
ភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយបន្ថែមរបស់សាធារណៈរដ្ឋប្រជាមានិតចិន ចំនួន៣០ម៉ឺនដូស តាមរយៈក្រសួងការពារជាតិរបស់ចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា នឹងមកដល់ប្រទេសកម្ពុជា នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយលើកទី២របស់ចិន ចំនួន៣០ម៉ឺនដូសនេះ នឹងមកដល់ប្រទេសកម្ពុជាយើង នាពេលឆាប់ៗខាងមុខនេះ ហើយវ៉ាក់សាំងនេះនឹងប្រគល់ជូនមកក្រសួងការពារជាតិ ដើម្បីដាក់ចូលក្នុងឃ្លាំង នឹងបន្ដចាក់ជូនកងទ័ព និងគ្រួសារកងទ័ព»។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបញ្ជាក់ថា នៅពេលវ៉ាក់សាំងស៊ីណូហ្វាម ដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្ដេចគឺតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកអញ្ជើញទៅទទួលដោយផ្ទាល់។
បើយោងតាមតាមលិខិតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ផ្ញើទៅកាន់សម្ដេចតេជោ ហ៊ុន សែន ឲ្យដឹងថា វ៉ាក់សាំងនេះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃប្រទេសកម្ពុជា នាវេលាម៉ោង១៩៖០០នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ៕