សេតវិមានសហរដ្ឋអាមេរិកកំពុងពិនិត្យសេចក្តីព្រាងថ្មីកញ្ចប់ប្រាក់ 3 ទ្រីលានដុល្លារទៀតសម្រាប់ស្ដារសេដ្ឋកិច្ច

បរទេស៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអាមេរិកនៅថ្ងៃអង្គារនេះបានឲ្យដឹងថារដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងតែចាប់ផ្តើមធ្វើការពិចារណាទៅលើកញ្ចប់ចំណាយថ្មីមួយទៀតដែលមានទំហំរហូតទៅដល់ 3 ទ្រីលានដុល្លារក្នុងការប្រើប្រាស់សម្រាប់ការរៀបចំ និងកែប្រែហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិឡើងវិញ។

សេចក្តីព្រាងថ្មីដែលនឹងត្រូវបែងចែកទៅជា 2 ត្រូវបានគេមើលឃើញកំពុងប្រឈមមុខទៅនឹងការសម្រេចចិត្តយ៉ាងតានតឹងដោយសភានាពេលខាងមុខនេះពីព្រោះថាវាគឺជាសេចក្តីព្រាងថ្មីដែលនឹងត្រូវស្នើឡើងបន្ទាប់ពីសភាទើបតែបានអនុម័តកញ្ចប់ប្រាក់ប្រមាណជា 1.9ទ្រីលានដុល្លារកាលពីដើមខែនេះប៉ុណ្ណោះ។

កញ្ចប់ថវិកាជំនួយថ្មីដែលមានតម្លៃ 3 ទ្រីលានដុល្លារនេះត្រូវបានគេដឹងទៀតដែរថានឹងត្រូវប្រើប្រាស់ជាសំខាន់ក្នុងការជួយឲ្យសេដ្ឋកិច្ចរបស់អាមេរិកងើបឡើងវិញបានកាន់តែឆាប់រហ័សក្រោយទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកូវីដកន្លងមក។

លោក Biden ដែលទើបតែបានឡើងកាន់តំណែងកាលពីខែមករានោះធ្លាប់បានសន្យាថានឹងធ្វើឲ្យកាន់តែប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចព្រមទាំងបង្កើតការងារឲ្យបានកាន់តែច្រើនឡើងវិញ។

ប្រភពចេញពីក្រុមអ្នកប្រឹក្សារបស់លោក Biden ដែលបានថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះថា សំណើថវិកាថ្មីដែលមានទំហំ 3 ទ្រីលានដុល្លារនេះនឹងមិនប្រើប្រាស់ផ្តោតសំខាន់តែទៅលើការកែប្រែហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងកិច្ចការងារអទិភាពចាំបាច់ដទៃទៀតផងដែរ ដែលជាចលករជួយដល់កំណើនសេដ្ឋកិច្ច។

កាសែត New York Times បានចេញរបាយការណ៍កាលពីព្រឹកថ្ងៃចន្ទម្សិលមិញថាក្រុមប្រឹក្សារបស់លោក Biden កំពុងរៀបចំកិច្ចការងារលំអិតសម្រាប់កញ្ចប់ថវិកា 3 ទ្រីលានដុល្លារនេះហើយ ក្នុងនោះមានទាំងការជំរុញសេដ្ឋកិច្ចការកាត់បន្ថយជាតិពុលនៅក្នុងបរិយាកាស និងជាពិសេសកាត់បន្ថយវិសមភាពសេដ្ឋកិច្ចផងដែរ។

ដោយឡែកយោងតាមការចេញផ្សាយរបស់កាសែត Washington Post និង CNN វិញក៏បានធ្វើសេចក្តីរាយការណ៍ព័ត៌មានស្រដៀងគ្នាផងដែរថា កញ្ចប់ថវិកា 3 ទ្រីលានដុល្លារនេះនឹងត្រូវបែងចែកទៅជា 2 ផ្នែកធំៗគឺផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធ និងមួយទៀតទៅលើកិច្ចការងារអទិភាពក្នុងស្រុកសំខាន់ៗដូចជាការអប់រំដែលមានទាំងកិច្ចការងារថែរក្សាកុមារថ្នាក់ជាតិ និងការបង់ថ្លៃសាលានៅតាមសហគមន៍ផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner