សហគមន៍តំបន់ការពារធម្មជាតិ៩ទៀតកំពុងរៀបចំនិតិវិធីបង្កើតនិងស្នើសុំការទទួលស្គាល់ពីក្រសួងបរិស្ថាន

ដោយ​៖​ម៉ា​ដេប៉ូ​
​រាជធានី​ភ្នំពេញ​៖​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​
ដើម្បី​រួម​កិច្ចការពារ និង អភិរក្ស​ធនធានធម្មជាតិ សហគមន៍​តំបន់ការពារធម្មជាតិ​៩​ទៀត​កំពុងតែ​រៀបចំ​និតិ​វិធី​បង្កើត​និង​ស្នើសុំ​ការទទួលស្គាល់​ពី​ក្រសួងបរិស្ថាន​សម្រាប់​ចូលរួមចំណែក​ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ​នៅ​កម្ពុជា​។​
សូមបញ្ជាក់​ថាបើ​បូករួម​សហគមន៍​៩​ថ្មី​បន្ថែមទៀត​នា​ថ្ងៃ​ខាងមុខ​នេះដែរ គឺ​សហគមន៍​តំបន់ការពារធម្មជាតិ​នៅ​កម្ពុជា​បាន​កើន​ដល់​ចំនួន ១៨៣ ហើយ​។​


​ឯកឧត្តម នេត្រ ភក្ត្រា​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១​នេះ ថា ការរៀបចំ​បង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ​នេះ​គឺ​ប្រយោជន៍ ដើម្បី​បង្កើតជា​ដៃគូ​សន្ទនា​រវាង​ប្រជា​សហគមន៍ និង​រាជរដ្ឋាភិបាល ផ្តល់​ការទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង ផ្លាស់ប្តូរ​យោបល់​គ្នា ស្វែងរក​ដំណោះស្រាយ​រួមគ្នា ចូលរួម​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក៏ដូចជា​ចូលរួម​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​ទាំង​រូបី និង​អរូបី​ឱ្យបាន​គង់វង្ស និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បង្កើត​អេកូ​ទេសចរណ៍ ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​។​
​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​រូបនេះ​បាន​មានប្រសាសន៍ថា​៖ «​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​នឹងត្រូវ​បង្កើត​ថ្មី​ចំនួន​០៩ ដែល​ធ្វើឱ្យ​ចំនួន​សហគមន៍ ដែល​ស្ថិតនៅ​ក្នុងប្រទេស​កម្ពុជា ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួងបរិស្ថាន កើនឡើង​ដល់​១៨៣ សហគមន៍​តំបន់ការពារធម្មជាតិ ហើយ ៩​សហគមន៍​នេះ កំពុងតែ​រៀបចំ​ដំណើរការ​នីតិវិធី ដើម្បី​ស្នើសុំ​បង្កើត និង​ទទួលស្គាល់​ពី​ក្រសួងបរិស្ថាន​»​។​


​ទាក់ទិន​ទៅនឹង​សហគមន៍​ថ្មី​ដែល​គ្រោង​បង្កើត​នា​ថ្ងៃ​ខាងមុខនេះ ឯកឧត្តម នេត្រ​ភក្ត្រា​បានបញ្ជាក់​ប្រាប់ថា​សហគម​ន៍​ទាំងនេះ រួមមាន​៖ សហគមន៍ ភ្នំ​ទ័ព​ជាង ធ្វើ​សកម្មភាព​នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ត្បូង​, សហគមន៍ ទឹកធ្លាក់​ស្រែអំបិល ធ្វើ​សកម្មភាព​នៅ​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់​, សហគមន៍ ដា​តា​វី​ក ធ្វើ​សកម្មភាព​នៅ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​, សហគមន៍ តាំងយូរ ធ្វើ​សកម្មភាព​នៅ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​, សហគមន៍ ចាក់អង្រែ ធ្វើ​សកម្មភាព​នៅ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​, សហគមន៍ ព្រៃ​ទ័ព ធ្វើ​សកម្មភាព​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រះ​រការ​, សហគមន៍ តា​ទៃ​លើ ធ្វើ​សកម្មភាព​នៅ​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល​, សហគមន៍ ឬ​ស្សី​ជ្រុំ ធ្វើ​សកម្មភាព​នៅ​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ត្បូង និង​សហគមន៍​អូរ​ពុងរូង ធ្វើ​សកម្មភាព​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។​
​ ​ចំពោះ​គោលបំណង​សំខាន់​ក្នុងការ​បង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំង​នេះដែរ​ត្រូវបាន​មន្ត្រី​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ប្រាប់ថា​មាន ៣​ចំណុច​សំខាន់ៗ​ដូចជា​៖​ទី​១) ផ្តល់ឱកាស​ដល់​ប្រជា​សហគមន៍​មូលដ្ឋាន ចូលរួមចំណែក​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ ទី​២) ផ្តល់​លទ្ធភាព​ងាយស្រួល ដល់​ស្ថាប័នរដ្ឋ និង​ស្ថាប័ន​នានា ដើម្បី​សម្របសម្រួល​ដល់​ការងារ​អន្តរាគមន៍ និង​អភិវឌ្ឍ​ជីវភាព និង​សេដ្ឋកិច្ច​មូលដ្ឋាន​សិទ្ឋិ និង​ក្របខណ្ឌ​ច្បាប់​ដល់​សហគម​ន៏​មូលដ្ឋាន​។​ទី​៣) ចូលរួម​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​ស​សហ​មជ្ឈការ​របស់​រា​ជ​រដ្ឋាភិបាល​។​
ឯកឧត្តម​បាន​ថ្លែង​ដោយ​បញ្ជាក់ថា បច្ចុប្បន្ននេះ សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​យោងតាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួងបរិស្ថាន​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ព្រៃឈើ​និង​សត្វព្រៃ រួម​នឹង​ជីវៈចម្រុះ​ជាច្រើន​ទៀត នៅក្នុង​តំបន់​ព្រៃ​សហគមន៍​និង​តំបន់ការពារធម្មជាតិ បាន​ដើរតួនាទី​សំខាន់​សហការ​ជាមួយ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះ​ល្បាត​ព្រៃឈើ និង​ចូលរួម​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​ដឹកនាំ​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែលជា​មន្ត្រីនគរបាល​យុត្តិធម៌​។​
​ឯកឧត្តម​បានឱ្យដឹង​បន្ថែមថា ការគាំទ្រ​ថវិកា​ដោយ​គម្រោង និង​អង្គការ​ដៃគូ សមាជិក​សហគមន៍​តំបន់ការពារធម្មជាតិ​ក៏បាន​ចូលរួមចំណែក​បង្ក្រាប​ប​ទ​ល្មើស ធនធានធម្មជាតិ ក្នុង​នោះបាន​ចូលរួម​ដោះ​អន្ទាក់ ដែល​នៅ​ឆ្នាំ​២០២០​កន្លងទៅ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​រួម​នឹង​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​ដោះ​អន្ទាក់​បាន​ជិត ៥០,០០០​អន្ទាក់ បង្ក្រាប​បទល្មើស​ក្នុង​តំបន់​ធនធានធម្មជាតិ​បាន​ជិត ៨,០០០​ករណី រឹបអូស​រណា​យន្ត​ជាង ៤,០០០​គ្រឿង និង​កាំភ្លើង​កែច្នៃ​ជិត ១,០០០​ដើម​។​ល​។​


​មន្ត្រី​នាំពាក្យ​រូបនេះ​បាន​លើកឡើងថា សហគមន៍​តំបន់ការពារធម្មជាតិ បានទទួល​នូវ​អត្ថប្រយោជន៍​ជាច្រើន ពីលើ​ការចូលរួម​ថែរក្សា​ធនធានធម្មជាតិ ដោយ​ពួកគាត់​ក៏​អាច​ប្រមូល​អនុផល​ព្រៃឈើ​ប្រចាំឆ្នាំ​ដូចជា​៖ ទឹកឃ្មុំ ផ្លែឈើ ផ្សិត បន្លែ​ជាដើម​ដែល​អាច​ផ្តល់​ចំណូល​បន្ថែម​ជូន​ដល់​ប្រជាពលរដ្ឋ​។ រាជរដ្ឋាភិបាល​កម្ពុជា​ក៏មាន​បំណង​ប្រែក្លាយ​តំបន់​អភិរក្ស​ខ្លះ ដែលមាន​សក្តានុពល​ទេសចរណ៍ ឱ្យទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​ឆ្លើយតប​កំណើន​ឡើង​នៃ​វិស័យ​ទេសចរណ៍ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការដើរ​កម្សាន្ត​។​
​ឯកឧត្តម​ថា​បច្ចុប្បន្ននេះ ទេសចរណ៍​ក្នុងស្រុក មាន​កំណើន​ឡើង​គួរឱ្យកត់សម្គាល់​។ រាជរដ្ឋាភិបាល​កម្ពុជា​មាន​ទិសដៅ​ធ្វើឱ្យ​សហគមន៍​មាន​ចំណូល​បន្ថែម និង​បង្កើត​ជម្រើស​ថ្មី​សម្រាប់​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត ដើម្បី​កាត់ផ្តាច់​ពី​ការពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ​ដែលជា​ទម្លាប់​មាន​ពី​យូរលង់​ណាស់​មកហើយ​របស់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​មូលដ្ឋាន ដោយ​បង្កើត​មុខរបរ​ថ្មី​បម្រើឱ្យ​វិស័យ​អេកូ​ទេសចរណ៍ ព្រមទាំង​ការបណ្តុះបណ្តាល​សហគម​ន៍​ឱ្យ​ចេះ​គ្រប់គ្រង និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​មាន​បន្លែបង្ការ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង និង​សម្រាប់​បម្រើសេវា​កម្ម​ដល់​ភ្ញៀវទេសចរ ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​តំបន់​សហគមន៍​របស់​ពលរដ្ឋ​ផងដែរ​។​


​ឯកឧត្តម នេត្រ​ភក្ត្រា​បានលើកឡើង​ដោយ​ឱ្យដឹង​បន្ថែមថា​”​ជាមួយនឹង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រជា​សហគមន៍​នឹងមាន​ជីវភាព​រីកចម្រើន​នា​អនាគត​។ បងប្អូន​នឹង​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ដើម្បី​អនាគត​សហគមន៍​។ រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន​ចង់ឃើញ​ស្នាមញញឹម សាមគ្គីភាពរ​បស់បង​ប្អូន​ប្រជា​សហគមន៍​កាន់តែ​រឹងមាំ​កូនៗ របស់​ប្រជាពលរដ្ឋ​សិក្សា​បាន​ជ្រៅ​ជ្រៅ រៀបចំ​សេដ្ឋកិច្ច​សហគមន៍​មានការ​រីក ចម្រើន និង​ធនធានធម្មជាតិ​ត្រូវបាន​ការពារ​បានល្អ​ប្រសើ​រ សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត​”​។​
​ជាមួយគ្នា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ​បាន​សង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន​សូម​អរគុណ​ចំពោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​បាន​ខិតខំ​ប្រឹងប្រែង លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត​ចូលរួម​ក្នុង ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ឱ្យបាន​គង់វង្ស​សម្រាប់ មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner