ប្រជាពលរដ្ឋន័រវែសជាង ១លានគ្រួសារទទួលបានថាមពលអគ្គីសនីពីតួប៊ីនខ្យល់ធំបំផុតរបស់អ៊ឺរ៉ុប
យោងតាមការចេញផ្សាយរបស់ WEForum នៅថ្ងៃពុធនេះបានឱ្យដឹងថា ទីបំផុតប្រទេសន័រវែសបានបញ្ចប់ការសាងសង់ម៉ាស៊ីនតួប៊ីនទាញយកថាមពលខ្យល់ធំជាងគេបំផុតនៅក្នុងតំបន់អ៊ឺរ៉ុបបន្ទាប់ពីចំណាយពេលជាង ២.៥ លានម៉ោង ឬប្រមាណជាងប្រាំមួយឆ្នាំលើការងារនេះ។ ម៉ាស៊ីនតួប៊ីនអាចដំណើរការដោយរលូននិងអាចទាញបានថាមពលអគ្គិសនីសម្រាប់ពលរដ្ឋន័រវែសដល់ទៅជាង ១លានគ្រួសារ។
គម្រោងមានឈ្មោះថា Fosen Project មានម៉ាស៊ីនតួប៊ីនសរុបចំនួន ២៧៧ គ្រឿង និងបែងចែកទៅកាន់តំបន់ចំនួនប្រាំមួយទីតាំងផ្សេងគ្នា ស្ថិតនៅក្បែរតំបន់ភ្នំ និងតំបន់ឆ្នេរភាគខាងលិចនៃប្រទេស។ ទន្ទឹមនឹងផ្តល់ថាមពលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃថាមពលខ្យល់ជួយកាត់បន្ថយផលផ្ទះកញ្ចក់ដល់ទៅ ១.៨ លានតោនក្នុងមួយឆ្នាំ ឬស្មើនឹងចំហេះចេញពីរថយន្តចំនួនប្រាំបីសែនគ្រឿងបានបញ្ចេញ។
គួរបញ្ជាក់ថា កិច្ចការងារកសាងថាមពលខ្យល់នេះទាមទារការខិតខំយ៉ាងខ្លាំងពីសំណាក់ក្រុមការងារវិស្វកម្ម ហើយកន្លងទៅការងារទាំងអស់ជួបឧសគ្គច្រើនលើកច្រើនសារ ដោយសារឈានដល់ការផ្អាកសម្មភាពទាំងស្រុងដោយសារតែអាកាសធាតុអាក្រក់ខ្លាំងពេក។សូមរលឹកដែរថា បច្ចុប្បន្ននេះ ថាមពលអគ្គិសនីទាញបានពីម៉ាស៊ីនតួប៊ីនថាមពលខ្យល់ មានទំហំរហូតទៅដល់ប្រាំភាគរយនៃថាមពលអគ្គិសនីទាំងអស់ដែលពិភពលោកប្រើប្រាស់ប្រចាំថ្ងៃ ហើយប្រទេសចិនត្រូវបានគេមើលឃើញថា ជាប្រទេសធំបំផុតដែលអាចផលិតបានថាមពលអគ្គិសនីចេញពីម៉ាស៊ីនតួប៊ីនខ្យល់ពោល រហូតទៅដល់មួយភាគបីនៃថាមពលសរុប៕