ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតចុះដាក់​ចំណាត់​​ការ​បន្ទាន់ ពាក់ព័ន្ធករណីចាក់ដីបូមដី​ និងសំណង់​បំពាន​ចំណីព្រែក ក្នុងឃុំកោះ​តូចស្រុក​ទឹកឈូ

កំពត៖ ករណីចាក់ដី បូមដី និងធ្វើសំណង់រឹងបំពានដីចំណីព្រែក និងដងព្រែក របស់បុគ្គលមួយចំនួននៅតាមដង​ព្រែក​កោះតូចស្ថិតនៅចំណុចជិតស្ពានរថភ្លើងដែលមានព្រំប្រទល់រវាងភូមិព្រែកចេក និងភូមិគីឡូម៉ែត១២ ក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត គឺជាករណី បំពានខុសគោលការណ៍បច្ចេកទេស នីតិវិធីច្បាប់ និងការកំណត់ដីចំណីព្រែក។

ដោយមើលឃើញពីបញ្ហា រំលោភបំពានខុសច្បាប់ខាងលើនេះ រដ្ឋបាលខេត្តកំពត កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំ មន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យ​​ដល់ទីតាំង​ជាក់ស្ដែងនឹងធ្វើការព្រមានហាមឃាត់បញ្ឈប់សកម្មភាពជាបន្ទាន់ ដល់បុគ្គលដែលជាអ្នកអនុវត្តសកម្មភាពរំលោភបំពានករណីខាងលើនេះ។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានក្រើនរំលឹកបុគ្គលរំលោភបំពានដីចំណីព្រែករួមនឹងបុគ្គលផ្សេងៗ​ទៀតដែលពាក់ព័ន្ធនឹងការរំលោភបំពានដីសាធារណៈរបស់រដ្ឋយកមកគ្រប់គ្រងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់​សកម្មភាពជាបន្ទាន់ គឺមិនអាចយកដីសាធារណៈរបស់រដ្ឋ ដោយបំពានច្បាប់បានឡើយពិសេសពាក់ព័ន្ធ ការរំលោភ​បំពាន​ដីចំណីព្រែកដែលខុសនឹងគោលការណ៍បច្ចេកទេសផ្លូវទឹកនាពេលនេះជាដើម។

ពាក់ព័ន្ធនឹងការរំលោភបំពានដីចំណីព្រែកនេះផងដែរឯកឧត្តមអភិបាលខេត្តក៏បានដាក់ចំណាត់ការដល់ លោក នាក់ សុវណ្ណារីអភិបាលស្រុកទឹកឈូ ឲ្យអនុវត្តតាមនីតិវិធីច្បាប់ ចំពោះសំណង់ និងអាចម៍ដីដែលបានចាក់រួមនឹងដីបូមលុប​តាមដងព្រែក ចំណីព្រែកត្រូវតែកាយចេញដើម្បីបើកផ្លូវទឹក ឲ្យបានឆាប់រហ័សជាបន្ទាន់ ។ ក្នុងករណីអនុវត្តមានការរាំងស្ទះដោយបញ្ហាណាមួយដែលមិនមានការចូលរួមសហការពីបុគ្គលរំលោភបំពាននោះទេសូមរៀបចំឯកសារសម្រាប់រដ្ឋបាលខេត្តដាក់ជូនទៅតុលាការធ្វើចំណាត់ការតាមនីតិវិធីផ្លូវច្បាប់៕ សិលា សារិន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner