ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន អំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល «៣កុំ ៣ការពារ» ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩
ភ្នំពេញ៖ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្ត «៣កុំ ៣ការពារ» និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ និងចូលរួមថែរក្សាអនាម័យ ដោយត្រូវលាងដៃជាមួយ សាប៊ូ អាល់កុល ជែល ត្រូវពាក់ម៉ាសអោយបានជាប់ជាប្រចាំ និងត្រូវរក្សាគម្លាតយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ការលើកឡើងដូចនេះ ក្នុងឱកាសចែកអំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមខណ្ឌចំការមន ជូនប្រជាពលរដ្ឋខ្វះខាត ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូង១ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។
លោក ថេង សុថុល ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឱ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ២០កុម្ភៈ ដោយហេតុថា មេរោគបំលែងថ្មី សាហាវណាស់ វាស៊ីសួតលឿន។
លោកប្រធានអនុសាខា ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរសង្កាត់ឲ្យបន្តយកចិត្តទុកដាក់ រួមសហការគ្នាបន្ថែមទៀត ដោយបន្តជំរុញការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីបញ្ហាអនាម័យ អនុវត្តឲ្យបានម៉ឺងម៉ាត់ និងខិតខំយកចិត្តទុកដាក់ ចំពោះអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈ តាមចំណាត់ការណែនាំ និងការអំពាវនាវរបស់ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន អោយមានប្រសិទ្ធភាព ដើម្បីយើងរួមគ្នាបង្ការ ទប់ស្កាត់កុំឱ្យមានជំងឺឆ្លងកូវីដ១៩ បន្តចូលក្នុងសមាគមថែមទៀត។
លោក ថេង សុថុល ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហម រាជធានីភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសម្ដេច តែងបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការ នយោបាយណាមួយឡើយ ពោល គឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច។
សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្នុង ០១គ្រួសារ រួមមាន៖ អង្ករ ចំនួន ០១ប៉ាវ ស្មើនឹង ២០គីឡូក្រាម, មី ចំនួន ០១កេស, ទឹកត្រី ចំនួន ០១យួរ, ទឹកស៊ីអ៉ីវ ចំនួន ០១យួរ, ម៉ាស ចំនួន ១០, ទឹកបរិសុទ្ធ ចំនួន ០១កេស៕ ដោយលោក ប៊ុនធី និងវណ្ណលុក