លោក សួរ វីរៈ៖ សម្រាប់វីរៈប៊ុនថាំ ការរកស៊ីមិនអាចហេងស៊យ ដូចចាក់ខ្លាឃ្លោកនោះទេ
ភ្នំពេញ ៖ ឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី ការធ្វើអាជីវកម្មនៅកម្ពុជាសព្វថ្ងៃគឺពិតជាមានលក្ខណៈទូលំទូលាយណាស់។ ជាមួយគ្នានេះទន្ទឹមនឹងទីផ្សារដែលប្រមូលផ្ដុំដោយការប្រកួតប្រជែង គេសង្គេតឃើញថា ក្នុងចំណោមអាជីវករទាំងអស់ អ្នកដែលអាចបន្តអាជីវកម្មរបស់ខ្លួនឲ្យនៅឈររឹងមាំបាននៅក្នុងបរិបទនេះ គឺមានចំនួនតិចតួចណាស់ ដោយហេតុថាអ្នករកស៊ីភាគច្រើនចូលចិត្តផ្ដេកផ្ដួលលើពាក្យដ៏ពេញនិយមមួយឃ្លាថា “ការរកស៊ីគឺជាការប្រថុយប្រថាន”។
ផ្ទុយពីទស្សនៈប្រថុយប្រថាននេះ លោក សួរ វីរៈ ដែលជាអគ្គនាយកនៃក្រុមហ៊ុនដឹកជញ្ចូន វីរៈប៊ុនថាំ បានលើកឡើងថា ការរកស៊ីត្រូវតែច្បាស់លាស់ត្រូវមើលឃើញផ្លូវមួយដែលប្រាកដ ថាដើរហើយមិនអាចខាតទើបយើងដើរ។ ជាក់ស្ដែង ការចាប់ផ្ដើមអាជីវកម្មរបស់លោកគឺចាប់ផ្តើមឡើងពីគ្រាដែលលោកមានផ្ទះសំណាក់មួយនៅឯខេត្តកោះកុង។ លោកយល់ថា ភ្ញៀវគឺមាននៅក្នុងដៃស្រាប់ នៅខ្វះតែឡានដើម្បីដឹកជញ្ជូនប៉ុណ្ណោះ ដូច្នេះបើមានមធ្យោបាយដឹកជញ្ជូន លោកប្រាកដជាអាចបង្កើនបានប្រាក់ចំណូល និងចំណេញបន្ថែមទៀតជាមិនខាន។

លោក សួរ វីរៈ បានបញ្ជាក់ប្រាប់AMSទៀតថា ៖«កាលណោះខ្ញុំមានដើមទុនត្រឹមតែ 4,000ដុល្លារ ដើម្បីទិញឡានតូរីសមួយគ្រឿង ម្លោះហើយខ្ញុំត្រូវតែមានផែនការច្បាស់លាស់មួយ ដោយសារខ្ញុំគ្មានលុយសម្រាប់ខាតទេ”។ លោកបានបន្តថា ដោយសារតែមានការរៀបចំផែនការច្បាស់លាស់បន្ថែមពីលើបទពិសោធន៍ក្នុងការរកស៊ីរបស់លោកផងនោះ គឺជាមូលហេតុ ក្នុងការជំរុញឲ្យលោកមិនចាប់ផ្តើមបង្កើតមុខជំនួញថ្មីដោយការផ្តល់សេវាកម្មដឹកជញ្ជូន ដែលផ្ដើមធ្វើដោយខ្លួនឯង បង្កើនទំនុកចិត្តក្នុងការបោះជំហានទៅមុខជាបន្តបន្ទាប់ ហើយជាលទ្ធផលរហូតមកដល់ពេលនេះ ក្រុមហ៊ុនដឹកជញ្ជូនរបស់លោកបានរីកដុះដាលគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។
ជាចុងក្រោយលោកក៏បានបង្ហើបប្រាប់ពីមូលហេតុដែលធ្វើឲ្យក្រុមហ៊ុនលោក វ៉ាដាច់ក្រុមហ៊ុនដទៃផងដែរថា ភាពជោគជ័យនៅលើទីផ្សារមួយនេះគឺដោយសារតែលោកតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើការសិក្សាមើលពីចន្លោះប្រហោងរបស់អាជីវកម្មដទៃ ហើយយកវាមកបំពេញនៅក្នុងអាជីវកម្មរបស់ខ្លួន។ នេះគឺជាចំណុចសំខាន់បំផុតនៅក្នុងការធ្វើអាជីវកម្ម បន្ថែមពីលើផែនការ ដើម្បីអាចបន្តដំណើរឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ ព្រោះវាមិនមែនជាការរកស៊ីដោយភាពប្រថុយប្រថាននោះឡើយ៕