ប្រធានសមាគមបាល់ទាត់អាជីពអង់គ្លេស ថា ច្បាប់ថ្មី ៣យ៉ាង អាចនឹងអោយលីគកំពូលអង់គ្លេសវិលមកវិញកំឡុង COVID-19
លោក Gordon Taylor ប្រធានសសមាគមបាល់ទាត់អាជីពអង់គ្លេស បានបញ្ជាក់ថា ច្បាប់ថ្មី៣យ៉ាង អាចនឹងដាក់ឲ្យរៀបចំប្រកួតបញ្ចប់លីគរដូវកាល២០១៩/២០២០ រួមមាន៖ទី១-ការប្រកួតដែលរៀបចំនៅទឹកដីកណ្តាល,ទី២-អនុញ្ញាតិឲ្យមានការផ្លាស់ប្តូរកីឡាករលើសពី៣នាក់ និងទី៣-ម៉ោងប្រកួតនឹងកែប្រែមកក្រោម ៤៥នាទីក្នុងមួយវគ្គ ។
ការថ្លែងបែបនេះ បន្ទាប់ពីមានសំណើ ឬមតិជាច្រើនត្រូវបានលើកឡើង ជាចម្ងល់ពាក់ព័ន្ធនឹងការវិលត្រឡប់មកវិញ នៃសកម្មភាពបាល់ទាត់ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស (English Premier League) រដូវកាល២០១៩/២០២០ កំឡុងសម័យកាល COVID-19 នាពេលខាងមុខនេះ ។
គួរបញ្ជាក់ថា ចំណុចទាំង៣យ៉ាងខាងលើ កំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សានៃស្ថាប័នពាក់ព័ន្ធនៅឡើយ ដោយមិនទាន់បានសម្រេចយកជាផ្លូវការនោះទេ ។ ការពិភាក្សា គឺជាការគិតគូដល់ផលប្រយោជន៍កីឡាករ និងក្លិបសមាជិកលីគកំពូលអង់គ្លេសទាំងអស់ជារួម ។
ប្រសិនបើការពិភាក្សាបានជោគជ័យ ដូច្នេះនេះក៏ជាសញ្ញាណនៃការវិលត្រឡប់មកវិញនៃលីគកំពូលអង់គ្លេសឆាប់ៗ ខាងមុខនេះ ដើម្បីបញ្ចប់រដូវកាល២០១៩/២០២០ ។
សូមបញ្ជាក់ថា គិតមកទល់ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅចក្រភពអង់គ្លេស ត្រូវបានរកឃើញមានអ្នកផ្ទុកជំងឺ COVID-19 ប្រមាណជាង ១៩.៤មុឺននាក់ ក្នុងនោះអ្នកស្លាប់ប្រមាណជាង ២.៩មុឺននាក់ ខណៈតួរលេខចំនួនអ្នកផ្ទុកនេះ ស្ថិតនៅលេខងរៀងទី៤ ក្នុងពិភពលោក ៕ធ.ដ