កងកម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារ ក្នុងខេត្តសៀមរាប ទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាបន្តបន្ទាប់
ឆ្លៀតក្នុងឱកាសដ៏មមាញឹកនិងប្រកបដោយទឹកចិត្តអាណិតស្រលាញ់រាប់អាន ក្រោមដំបូលសន្តិភាពតែមួយដោយមិនរើសអើង ក្នុងសកម្មភាពមនុស្សធម៍នៃចលនាចែករំលែកធនធានផ្ទាល់ខ្លួន និងការកៀងគរបាននូវការជួយឩបត្ថមបន្ថែមជាបន្តបន្ទាប់ផងនោះ កាលពីចុងសប្តាហ៍កន្លងទៅ លោកវរសេនីយ៍ត្រី ខេង ខេមរា នាយផ្នែករដ្ឋបាលសរុប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងជាសមាជិកស្នាក់ការត្រៀមបណ្តេញចេញប្រចាំ ខេត្ត និងផ្គត់ផ្គង់អាគារឃាត់ខ្លួនរបស់ស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុកនិងបាននាំយកនូវគ្រឿងឧបភោគ បរិភោគ មកធ្វើការចែកជូនដល់កងកម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារ ដែលឈរជើងនៅតាមគោលដៅមួយចំនួនក្នុងភូមិសាស្ត្រ សំខាន់ៗក្នុងក្រុង និងស្រុកក្នុងខេត្តសៀមរាប ចំពោះគោលដៅការពារនៃការផ្អាកការធ្វើចរាចរណ៍ចេញ-ចូល បណ្តោះអាសន្ននៅតាមផ្លូ វនិងតំបន់មួយចំនួនការពារគោលដៅទីតាំងចត្តាទ្បីស័ក ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ផងដែរ
លោកវរសេនីយ៍ត្រី ខេង ខេមរា បាននាំការផ្តាំផ្ញើសួរសុខទុកពីសំណាក់ថ្នាក់ដឹកនាំ និងបាននាំយកនៅគ្រឿងឧបភោគ បរិភោគ ដែលជាការចែករំលែក និងការកៀងគរបាននូវការជួយឩបត្ថមបន្ថែមពីសំណាក់លោកជំទាវ ឩកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឩត្តរមានជ័យ រួមមាន៖ អង្ករចំនួន២៥ការ៉ុង ស្មើ២៥ គីឡូក្រាម / មី ចំនួន ១០កេស/ ទឹកត្រី ៥យួ / ទឹកសុទ្ធ ៥០យួ / កុំព្យូទ័រចំនួន ១គ្រឿង និងថវិកាចំនួន ៨០០.០០០ រៀល (ប៉ែតសិបម៉ឺនរៀល ) ។ ដោយឡែកសម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ទទួលបានអង្ករ ចំនួន ២ការ៉ុង / ទឹកសុទ្ធ ២០យួ / មីចំនួន ១កេស /កុំព្យូទ័រចំនួន១គ្រឿង និងថវិកាចំនួន ១០០.០០០ រៀល (ដប់ម៉ឺនរៀល ) កម្លាំងប្រជាការពារ ១៥០.០០០រៀល ( ដប់ប្រាំម៉ឺនរៀល )ទុកសម្រាប់យកទៅប្រើប្រាស់ផងដែរ ។
លោកវរសេនីយ៍ត្រី ខេង ខេមរា ក៏បានផ្តាំផ្ញើ និងធ្វើការណែនាំបន្ថែមដល់កងកម្លាំងដែលឈរជើងនៅគោលដៅជាក់ស្តែង ត្រូវធ្វើយ៉ាងណា កុំធ្វេសប្រហែស ត្រូវរឹតបន្តឹង និងត្រួតពិនិត្យដោយម៉ត់ចត់នូវការធ្វើដំណើរចេញចូលរបស់បងប្អូនប្រជាពលរដ្ឋ ចៀសវាងនូវការយោគយល់ ជាហេតុនាំឱ្យមានការថ្លោះធ្លោយ បង្កហានិភ័យនាំឱ្យរីករាលដាលនូវជំងឺកូវីដ-១៩ចូលក្នុងសហគមន៍កាន់តែច្រើន ។ ត្រូវបន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបន្ថែមទៀត ជាស្មារតីក្រើនរំលឹកនៃការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដើម្បីខ្លួនយើង គ្រួសារយើង និងខេត្តរបស់យើង តាមរយៈការអនុវត្តនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ៕ដោយ៖ខេង ខេមរ៉ា