សែលកាត និងផលិតកម្មបារមី ផលិតវីដេអូបទចម្រៀង “Time to Rise” ដែលសម្តែងនិងច្រៀង ដោយ វណ្ណដា

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ តារាចម្រៀងរ៉េបកំពុងពេញនិយម និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា លោក វណ្ណដា ទើបតែបានបញ្ចេញនូវស្នាដៃបទចម្រៀងថ្មីរបស់គាត់មួយបទទៀត ដែលមានចំណងជើងថា “Time To Rise”  ដែលមានការសំដែងរួមគ្នាជាមួយកវីចាប៉ីដងវែង ពូកែខាងសំនួនវោហារ គឺលោកតា គង់ ណៃ។

      ការចាប់ដៃរួមគ្នានេះ គឺស្របពេលដែលក្រុមការងារនៅក្នុងផលិតកម្មបារមី ក៏កំពុងបង្កើនទំនាក់ទំនងជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រុមហ៊ុនទូរស័ព្ទចល័ត សែលកាត។

      គួរបញ្ជាក់ថាសិល្បករវ័យក្មេងរូបនេះ កំពុងក្លាយខ្លួនជាទូតសុឆន្ទៈដ៏ល្បីមួយរូបរបស់ក្រុមហ៊ុនសែលកាត ពោលគឺរូបគាត់មានអ្នកគាំទ្ររហូតដល់ជាង 3លាននាក់នៅលើបណ្តាញសង្គម និងទទួលបានការចូលទស្សនាបទចម្រៀងទាំងអស់របស់គាត់ សរុបជាង២៥០លានដង ក្នុងឆ្នាំ២០២០ កន្លងទៅនេះ។

ស្នាដៃបទចម្រៀងចុងក្រោយនេះ ត្រូវបានរៀបចំនិងបង្កើតឡើងដោយចំណាយពេលវេលាអស់ជាច្រើនខែ ហើយនៅក្នុងនោះអត្ថន័យរបស់វាផងដែរនោះ ក៏មានបង្កប់នូវខ្លឹមសារដ៏មានសារៈសំខាន់ ដើម្បីផ្តល់ការលើកទឹកចិត្ត ក៏ដូចជាជួយបំផុសទឹកចិត្តដល់យុវជនខ្មែរដែលមានទេពកោសល្យទាំងអស់នៅក្នុងប្រទេសកម្ពុជា។

លោក វណ្ណដា បានចាប់ផ្តើមយុទ្ធនាការ #TimetoRise ភ្លាមៗ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ បន្ទាប់ពីរូបគាត់បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសែលកាត។ យុទ្ធនាការនេះ បានបង្ហាញឱ្យឃើញនូវចលនាមួយ ដែលផ្តល់ជូននូវភាពយុត្តិធម៌ និងលក្ខខណ្ឌនៃកិច្ចសន្យាប្រកបដោយភាពទូលំទូលាយ ដល់សិល្បករខ្មែរ នៅពេលពួកគាត់ក្លាយខ្លួនជាតំណាងឱ្យក្រុមហ៊ុន ខណៈអាជីពនេះ បាននិងកំពុងក្លាយជាមធ្យោបាយដ៏សំខាន់បំផុតមួយសម្រាប់សិល្បករមានទេពកោសល្យ ក្នុងការស្វែងរកប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិត។

         ក្រុមហ៊ុនសែលកាតបានឱ្យដឹងថាដើម្បីជាការឆ្លើយតប ក្រុមហ៊ុន បានធ្វើការផ្លាស់ប្តូរកិច្ចសន្យាជូនដល់សិល្បករមានទេពកោសល្យរូបនេះ ដោយដាក់បញ្ចូលនូវលក្ខខណ្ឌដែលកាន់តែល្អប្រសើរ ហើយក្នុងនោះ ថែមទាំងមានផ្តល់ជូននូវលក្ខខណ្ឌពិសសេសៗ និងតម្លាភាពត្រឹមត្រូវ ក៏ដូចជាការទទួលបាននូវសេវាមេធាវីភ្លាមៗដោយឥតគិតថ្លៃ ប្រសិនបើពួកគាត់មានតម្រូវការផងដែរ។

      ដោយឡែកកញ្ញា ម៉ម ឡូរ៉ា នាយកប្រតិបត្តិផលិតកម្មបារមី បានបញ្ជាក់ឱ្យដឹងថា កិច្ចសហការរបស់ពួកគាត់ ជាមួយនឹងក្រុមហ៊ុនសែលកាត បាននិងកំពុងបង្កើតនូវមូលដ្ឋានគ្រឹះមួយ សម្រាប់ជួយដល់យុវជនខ្មែរដែលមានទេពកោសល្យទាំងអស់ ឱ្យមានអនាគតល្អប្រសើរ ហើយទន្ទឹមនឹងនោះ កិច្ចសហការនេះ ក៏បានផ្តោតទៅលើការផ្តល់វេទិការដល់សិល្បករខ្មែរ ដើម្បីកសាងជំនាញរបស់ខ្លួន ក៏ដូចជាពង្រីកកេរ្តិ៍ឈ្មោះនៅតាមប្រទេសក្នុងតំបន់ និងនៅជុំវិញពិភពលោក។

     ជាមួយគ្នានេះ កញ្ញាបានបានលើកឡើងថា៖ “យើងនៅមានគម្រោងដ៏គួរឱ្យរំភើបរីករាយជាច្រើនទៀត ដែលកំពុងរៀបចំជូនសម្រាប់វណ្ណដា និងសិល្បករផ្សេងៗជាច្រើនរូបទៀតនៅក្នុងផលិតកម្មរបស់យើង”។

កញ្ញាថា“ស្ថានភាពរោគជំងឺកូវីដ បានជម្រុញឱ្យពួកយើងមានភាពច្នៃប្រឌិតកាន់តែខ្ពស់ ដែលជាលទ្ធផល យើងសម្រេចបាននូវកិច្ចសហការដ៏អស្ចារ្យបំផុតមួយ ដែលអាចជួយលើកស្ទួយវិស័យតន្ត្រីខ្មែរ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត”។

គួរបញ្ជាក់ថាចម្រៀង និងវីដេអូបទចម្រៀង “Time To Rise” បានច្របាច់បញ្ចូលគ្នានូវបទភ្លេងបែបបុរាណ ដែលជាស្នាដៃរបស់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែង លោកតា គង់ ណៃ ជាមួយនឹង ស្តាយ៍ហ៊ីបហបបែបសម័យថ្មីរបស់ វណ្ណដា។

សិល្បករទាំងពីររូបនេះ សុទ្ធតែមានវត្តមានចូលរួមសម្តែងនៅក្នុងបទចម្រៀង ហើយការថតទៀតសោត គឺប្រព្រឹត្តិទៅនៅឯសារមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះក៏មាននូវវត្តមានរបស់ កញ្ញា Sophia Kao ដែលជាតារាសម្តែងទើបរះថ្មីរបស់ផលិតកម្មបារមីផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ វណ្ណដា និងកញ្ញា Sophia Kao បានសហការរួមគ្នាបង្កើតនូវបទចម្រៀងថ្មីមួយទៀត ដែលមានចំណងជើងថា “Time” ពោលគឺជាវីដេអូបទចម្រៀង ដែលនាំមកជូនដូចគ្នាដោយក្រុមហ៊ុនសែលកាត។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានប្រាប់ ថា ការភ្ជាប់ទំនាក់ទំនងជាដៃគូជាមួយផលិតកម្មបារមីនេះគឺដើម្បីផ្តោតបន្ថែមទៅលើការស្វែងរកនូវមធ្យោបាយថ្មីៗក្នុងការបង្កើតមាតិកាឌីជីថលសម្រាប់ពលរដ្ឋខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយសិល្បករមានទេពកោសល្យ និងអ្នកគាំទ្រ ហើយវាក៏ជាសម្ព័ន្ធភាពមួយ ដែលជួយលើកស្ទួយដល់សិល្បករក្នុងស្រុកផងដែរ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner