វៀតណាម៖ ហាណូយគ្រោងចាយជាង១ពាន់លានដុល្លារ សង់ស្ពានឆ្លងទន្លេ ចំនួន២ទៀត
រដ្ឋបាលក្រុងហាណូយ ប្រទេសវៀតណាមគ្រោងនឹងស្ថាបនាស្ពានឆ្លងទន្លេក្រហមចំនួន២បន្ថែមទៀត ក្នុងទំហំចំណាយ២៦ទ្រីលានដុង ឬ ១.១២ពាន់លានដុល្លារអាមេរិក នេះបើតាមអភិបាលក្រុងហាណូយ បញ្ជាក់ក្នុងកិច្ចប្រជុំមួយ កាលពីចុងសប្តាហ៍។ លោក Chu Ngoc Anh ថា ប្រភពថវិការពីខាងក្នុងនិងមូលនិធិពីប្រភពផ្សេងៗទៀតនឹងត្រូវរួមបញ្ជូលគ្នា ដើម្បីយកមកកសាងស្ពានទាំងពីរនេះ។
រដ្ឋបាលក្រុងហាណូយធ្លាប់បានលើកឡើងថា ខ្លួនធ្លាប់បានព្យាយាមស្វែងរកការវិនិយោគពីខាងឯកជន ដើម្បីស្ថាបនាស្ពានទាំងពីរនេះដែរ ក្រោមទម្រង់ស្ថាបនា-ផ្ទេរ ប៉ុន្តែក្រោយមកទម្រង់នេះត្រូវបានច្រាលចោលវិញ ដោយខ្លួនមានផែនការប្តូរទៅជាការវិនិយោគរដ្ឋវិញ។ យ៉ាងណាក៏ដោយ ពេលវេលាជាក់លាក់នៃការចាប់ផ្តើមសាងសង់មិនទាន់ត្រូវបានចេញផ្សាយទេ។
បច្ចុប្បន្ននេះ ក្រុងហាណូយមានស្ពាន៨ហើយឆ្លងកាត់ទន្លេ Red River នេះ ខណៈដែលផែនការមេរបស់ក្រសួងសាធារណការគឺនឹងសាងសង់ឲ្យបាន១០ នៅត្រឹមឆ្នាំ២០៣០ រួមបញ្ជូលទាំងគម្រោងសាងសង់២បន្ថែមទៀតនេះផង៕ ប្រភពពី VNExpress