សាហាវ! ត្រឹមក្រដាសពាក្យសុំធ្វើការរបស់ Steve jobs មួយសន្លឹក មានតម្លៃដល់ទៅ២២២,៤០០ដុល្លារ
ជឿថាលើពិភពលោកនេះ អ្នកណាក៏ស្គាល់ អតីតCEO ល្បីឈ្មោះមួយរូបរបស់ក្រុមហ៊ុនផ្លែប៉ោម គឺលោក Steve Jobs ដែលលោកគឺជាអ្នកផលិតទូរសព្ទដៃIphoneសេរ៊ីដំបូងបំផុត ឲ្យមានភាពល្បីល្បាញមកទល់សព្វថ្ងៃនេះ។ តែទោះបីជាលោកបានទទួលមរណភាពហើយក៏ដោយ ស្នាដៃរបស់លោកនៅតែចងចាំក្នុងចិត្តអ្នកប្រើប្រាស់ទូរសព្ទដៃម៉ាកApple មួយនេះ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រដាសបំពេញពាក្យសុំចូលបំរើការងារតាំងពីឆ្នាំ១៩៧៣ ដែលសរសេរដោយដៃផ្ទាល់របស់អតីតនាយកប្រតិបត្តិក្រុមហ៊ុនApple រូបនេះ ត្រូវបានគេដាក់ដេញថ្លៃក្នុងទីក្រុងឡុង ចក្រភពអង់គ្លេស ក្នុងតម្លៃដល់ទៅ 222,400 ដុល្លារអាមេរិក។
ដោយឡែកគួរបញ្ចាក់ថា ក្រដាសបំពេញពាក្យរបស់លោកមួយសន្លឹកនេះ ត្រូវបានគេដាក់ដេញម្តងរួចមកហើយ នៅក្នុងឆ្នាំ២០១៨ ក្នុងតម្លៃត្រឹម175,000ដុល្លារប៉ុណ្ណោះ។ ដូចនេះគេរំពឹងថា ទៅថ្ងៃខាងមុខប្រសិនបើគេយកមកដាក់ដេញថ្លៃម្តងទៀត តម្លៃក្រដាសបំពេញពាក្យសរសេរដោយដៃមួយសន្លឹករបស់អតីតនាយកប្រតិបត្តិក្រុមហ៊ុនផ្លែប៉ោមរូបនេះ អាចនឹងមានតម្លៃលើសនេះទៀតក៏ថាបាន។
គួររំលឹកថា បន្ទាប់ពីលោកSteve Jobs បានសម្រេចចិត្តបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យReed រួចមក លោកក៏ចាប់ផ្តើមដាក់ពាក្យសុំបំរើការងារតាមក្រុមហ៊ុនមួយចំនួន ដោយក្នុងនោះលោកក៏បានបំពេញនូវបទពិសោធន៍ការងារផ្សេងៗដូចជា ជំនាញកុំព្យូទ័រ គណនី គ្រឿងប្រពន្ធ័អេឡិចត្រូនិច ផ្នែកឌីហ្សាញ និងវិស្វកម្មខាងផ្នែកឌីជីថលជាដើម។