អភិបាលខេត្តកំពត ចុះសួរសុខទុក្ខពលរដ្ឋ និងកងកម្លាំងប្រចាំការ ប៉ុស្តិ៍ត្រួត ពិនិត្យនៅផ្សារត្រពាំងរពៅ ស្រុកទឹកឈូ
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខ ប្រជាពលរដ្ឋ និងកងកម្លាំងសមត្ថកិច្ចឈរជើងប្រចាំការ នៅប៉ុស្តិ៍ត្រួតពិនិត្យផ្លូវជាតិលេខ៣ ចំនុចផ្សារត្រពាំងរពៅ ស្ថិតក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ជាប់ព្រំប្រទល់រវាងស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងខេត្តកំពត។
លោក នាក់ សុវណ្ណរី អភិបាលស្រុកទឹកឈូ បានឲ្យដឹងថា ចាប់ពីថ្ងៃដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅថ្ងៃទី ៥ ខែមីនា រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ប្រជាពលរដ្ឋធ្វើដំណើរពីខេត្តព្រះសីហនុ មានចំនួន១២៩០នាក់ ស្រី៥០១នាក់ តាមការសាកសួរពួកគាត់បានត្រឡប់មកលំនៅដ្ឋានវិញ ហើយមិនមានករណីអ្វីគួរឲ្យកត់សំគាល់ទេ ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានកោតសរសើរដល់ក្រុមការងារត្រួតពិនិត្យនៅប៉ុស្តិ៍ត្រពាំងរពៅ និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទឹកឈូ ដែលបានយកចិត្តទុកដាក់អនុវត្ត បំពេញតួនាទីភារកិច្ច ក្នុងការត្រួតពិនិត្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តព្រះសីហនុ មកកាន់ខេត្តកំពត មានលក្ខណៈល្អប្រសើរ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីរួមគ្នា បង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលបច្ចុប្បន្នខេត្តព្រះសីហនុ បាននិងកំពុងបន្តឆ្លងជាបន្តបន្ទាប់នូវជំងឺកាចសាហាវនេះនេះ ។
ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ ត្រូវយកចិត្តទុកដាក់ ចូលរួមអនុវត្តឲ្យបានជាប្រចាំនូវវិធានការសុខាភិបាល ពិសេសសេចក្ដីអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ ៣កុំឲ្យបានខ្ជាប់ខ្ជួនជានិច្ច។
ឯកឧត្តមអភិបាលខេត្តក៏បានប្រគល់ជូនម៉ាសចំនួន ២០០០ម៉ាស ទឹកអាកុល៦០លីត្រ និងជូនថវិកាដល់រដ្ឋបាលស្រុក១លានរៀល កងកម្លាំងប្រចាំការចំនួន៥៥នាក់ម្នាក់ៗ៥ម៉ឺនរៀល ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជាវ តាយ ក៏បានចុះសួរសូខទុក្ខ ក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ និងសួសុខទុក្ខអាជីវករក្នុងផ្សារត្រពាំងរពៅផងដែរដើម្បី ស្វែងយល់ពីស្ថានភាពជាក់ស្ដែង ក្នុងការប្រកបអាជីវកម្ម ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ ៕ សិលា សារិន