រដ្ឋាភិបាលកំពុងជំរុញ និងលើកទឹកចិត្តពលរដ្ឋខ្មែរដែលគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បាន និងកំពុងបន្តជំរុញលើកទឹកចិត្តដល់អ្នកដែលគាំទ្រប្រើប្រាស់ផលិតក្នុងស្រុក ជាមួយនឹង​ការ​ព្យាយាមធ្វើយ៉ាងណាលើកកម្ពស់ការផលិត និងបង្កើនការគាំទ្រឱ្យបានកាន់តែច្រើនបន្ថែមទៀត។

មន្ដ្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរកាន់តែ​ច្រើន​បាន​ងាកមក​ប្រើប្រាស់ និងគាំទ្រផលិតផលខ្មែរ ដែលផលិតឡើងនៅក្នុងស្រុកជាបណ្តើរៗ ដែលក្នុងនោះរួមមានទាំងសម្ភារៈប្រើប្រាស់ បន្លែ ផ្លែឈើ ត្រីសាច់ និងគ្រឿង​ឧបភោគបរិភោគជាច្រើនមុខ ខណៈដែលការបង្កើតគុណភាពផលិតកាន់តែមានភាពល្អប្រសើរជាងមុន។

ឯកឧត្តមថា ៖ «ក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវផែនការជាយុទ្ធសាស្ដ្រនូវការផ្ដើមយុទ្ធនាការទិញផលិតផលខ្មែរតាំងពីឆ្នាំ2015 ហើយបន្ដធ្វើរហូតមក​ដល់​បច្ចុប្បន្ន តាមរយៈការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរដោយក្នុងមួយឆ្នាំរៀបចំ4-5ដង នៅតាមបណ្ដាខេត្ត ដោយយុទ្ធនាការទាំងអស់មានការ​គាំទ្រ​យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ»។

ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមឱ្យដឹងថា នៅក្នុងយុទ្ធនាការទិញផលិតផលខ្មែរនេះ ក្រសួងបានរៀបចំឱ្យមានលក្ខណៈជាប្រព័ន្ធ មិនមែនគ្រាន់តែ​ដាក់​តាំង​បង្ហាញផលិតផលដែលបាននាំយកមកពីតាមបណ្ដាខេត្តនោះទេ ពោលគឺក្រសួងរៀបបានចំជាសិក្ខាសាលាផ្សព្វផ្សាយយ៉ាងទូលាយផងដែរ។

រូបភាព ៖ ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

តាំងពីអំឡុង​ឆ្នាំ2020 ក្រសួងពាណិជ្ជកម្មមានផែនការធ្វើកិច្ចការទាំងអស់នេះបន្ដទៀត ប៉ុន្ដែជាអកុសល ដោយសារមានការរាលត្បាតនៃជំងឺកូវីដ-19 ក្រសួង​​ក៏បានសម្រេចពន្យារពេលនៃការរៀបចំវិញ។ កាលពីពេលកន្លងទៅ ក្រសួងពាណិជ្ជកម្ម បានរៀបចំផ្សារចុងសប្ដាហ៍ ដែលបានរៀបចំនៅតាមបណ្ដា​ខេត្តមួយចំនួនរួចមកហើយ ខណៈដែលនៅពេលខាងមុខទៀតនេះ ក្រសួងនឹងបន្ដរៀបចំនៅបណ្ដាខេត្តផ្សេងៗបន្ទាប់ពីភាពប្រឈមនឹងជំងឺឆ្លងផ្លូវដង្ហើម​ក៏កាច​សាហាវកូវីដ-19ត្រូវបានកាត់បន្ថយ។

ឯកឧត្តម ស៊ាង ថៃ បានបញ្ជាក់ទៀតថា ក្រសួងពាណិជ្ជកម្ម នឹងចូលរួមយ៉ាងសកម្មបន្ថែមទៀតនៅក្នុងការអនុវត្ដផែនការ និងគោលនយោបាយដែល​រាជរដ្ឋាភិបាលកំពុងលើកទឹកចិត្ដដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈសកម្មភាពដែលបានធ្វើកន្លងមក បូកបន្ថែមនឹងការងារពាណិជ្ជកម្ម​នឹងត្រូវធ្វើ​បន្ថែមទៀត។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម នឹងខិតខំជួយទៅដល់កសិដ្ឋានធំៗ ដើម្បីជួយរកទីផ្សារក្នុងការគោលបំណង ជួយបង្កើនការប្រើប្រាស់ និង​ឈាន​ដល់ការនាំចេញឱ្យបានកាន់តែច្រើន។

ជាមួយគ្នានេះ ក្នុងនាមក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ ក៏បានលើកទឹកចិត្តដល់បណ្តាអ្នកផលិត ជាពិសេសអ្នកប្រើប្រាស់ដោយផ្ទាល់ដែល​ជាបង​ប្អូនប្រជាពលរដ្ឋខ្មែរទូទៅ ជួយគាំទ្រដល់ផលិតផលក្នុងស្រុក ផលិតផលខ្មែរបន្ដទៅទៀត ព្រោះវាមានតែការជួយគ្នាទៅវិញទៅមកទេ ដែលអាចលើកទឹកចិត្ដ​ឱ្យ​អ្នកផលិតមានលទ្ធភាពក្នុងដំណើរការផលិតកាន់តែល្អប្រសើរជាងមុន និងប្រកបដោយគុណភាព កាត់បន្ថយការនាំចូលពីក្រៅស្រុក៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner