ក្រសួងសុខាភិបាល អំពាវនាវឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ចំពោះជនបំភ្លៃព័ត៌មានថា «ឧកញ៉ា ស៊ុយ សុផាន ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ១៩»

ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលព័ត៌មានបំភ្លៃថា លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផាន អ៊ីម៉ិច បានស្លាប់ដោយសារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះស៉ីណូហ្វាម។

ការចេញមកច្រានចោលបែបនេះ បន្ទាប់ពីមានការបំភ្លៃលើ Facebook ដោយយករូបសពលោកស្រីឧកញ៉ា ស៊ុយ សុផាន និងរូបដទៃទៀតដែលបានចាក់វ៉ាក់សាំងមកដាក់ក្បែរគ្នា ដោយសរសេរខ្លឹមសារថាជាមនុស្សតែមួយ និងបានស្លាប់ដោយសារការចាក់វ៉ាក់សាំងស៉ីណូហ្វាម។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល ក្រៅពីច្រានចោលព័ត៌មានខាងលើ ក៏បានអំពាវនាវដល់សមត្ថកិច្ច ជួយស្រាវជ្រាវដើម្បីយកអ្នកបំភ្លៃព័ត៌មាននោះ ទៅចាត់ការតាមច្បាប់ផងដែរ។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការផ្សាយប្រឌិតបែបនេះ។ រូបភាពអ្នកចាក់វ៉ាក់សាំងនេះ មិនមែនជារូបរបស់សពទេ សូមអ្នកប្រឌិតរឿងទាំងឡាយមានសីលធម៌ និងគុណធម៌ខ្លះផងបានទេ? សូមមើលឱ្យច្បាស់មើល តើរូបអ្នកចាក់វ៉ាក់សាំងនេះជានរណា? សូមគោរពសិទ្ធិ លោកជំទាវដែលជាម្ចាស់រូបថតចាក់វ៉ាក់សាំងពិតប្រាកដផងបានដែរទេ អស់អ្នកអគតិទាំងឡាយអើយ ល្មមឈប់បោកប្រាស់បែបនេះទៀតទៅ។ គេរកវ៉ាក់សាំងចាក់មិនបានផង ឥឡូវមានវ៉ាក់សាំងចាក់ហើយ អស់អ្នកអគតិទាំងឡាយដែលមិនចង់ចាក់ទេក៏មិនអីដែរ ទុកវ៉ាក់សាំងចាក់ជូនអ្នកដែលគេត្រូវការ ដ៏ច្រើនសន្ធឹកសន្ធាប់វិញល្អជាង។ សូមអាជ្ញាធរមានសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ផង»

សូមជម្រាបថា លោកស្រី ឧកញ៉ា ស៊ុយ សុផាន បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង ៧៖៥៥នាទី ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគគាពាធ។ សពរបស់លោកស្រីឧកញ៉ា កំពុងតម្កល់ធ្វើបុណ្យទៅគេហដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner