ក្រុមហ៊ុនអង្គរដេលីហ៊្វូដផ្តល់ម៉ាស និងភេសជ្ជៈប៉ូវកម្លាំងជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ម៉ាសចំនួន១លានម៉ាស និងភេសជ្ជៈប៉ូវកម្លាំងចំនួន១០០០កេស ត្រូវបានក្រុមហ៊ុនអង្គរដេលីហ៊្វូដ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
ពិធីប្រគល់ និងទទួលម៉ាស និងភេសជ្ជៈប៉ូវកម្លាំងទាំងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖តាមរយៈកាយវិការដ៏ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។

លោកបានបន្តថា ៖ទឹកចិត្តសប្បុរសធម៌នេះ ស្តែងអោយឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុងជួបប្រទះនិងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ ។ ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុនអង្គរដេលីហ៊្វូដដែលចូលរួមផ្តល់ ម៉ាសនិងភេសជ្ជៈប៉ូវកម្លាំងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

គួរបញ្ជាក់ថា ៖ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៦៣នាក់ ដែលសុទ្ធសឹងឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៥នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner