ឡ បូជាសព សម្រាប់អ្នកស្លាប់ដោយសារជងឺ កូវីដ១៩ និងសម្ភារៈបច្ចេកទេបានបញ្ជាទិញពីបរទេសរួចរាល់ នឹងមកដល់ឆាប់ៗនេះ
ភ្នំពេញ ៖ លោក ម៉េត មាស ភក្តី អ្នក នាំពាក្យ រដ្ឋបាល រាជធានីភ្នំពេញ បានឱ្យ ដឹង នៅ ថ្ងៃ ទី ៣១ខែ មីនា នេះថា ដោយសារនេះជាការងារអាទិភាព យើងកំពុងសម្រុករៀបចំ និងជម្រុញអោយបានរួចរាល់យ៉ាងលឿនបំផុត និង បានរៀបចំប្លង់សាងសង់ រៀបចំទីតាំងរួចរាល់ និងបច្ចុប្បន្នកំពុងតបណ្តាញអគ្គិសនី។ លោក បន្តថា រីឯសំភារៈបច្ចេកទេសគ្រឿងម៉ាស៊ីន (ឡដុត) បានបញ្ជាទិញពីបរទេសរួចរាល់ នឹងមកដល់ឆាប់ៗនេះហើយ ប៉ុន្តែ បើទោះបីកិច្ចការនេះ ជាអ្វីដែលយើងបានគ្រោង និងរៀបចំទុកដើម្បីបង្កាហានិភ័យណាមួយកើតឡើងក៏ដោយ ក៏រហូតមកដល់បច្ចុប្បន្ន ករណីអ្នកស្លាប់ដោយសារកូវីដ១៩ ក៏កើតមានជាបន្តបន្ទាប់រហូតដល់ជាង ១០នាក់ហើយ។
លោក ម៉េត មាស ភក្តី បានបញ្ជាក់ថា នេះក៏ជាសារក្រើនរំនឹកបន្ថែមទៀតដល់ប្រជាពលរដ្ឋគ្រប់រូប សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានទប់ស្កាត់ការចម្លង ការរីករាលដាលជំងឺកូវីដ១៩របស់ក្រសួងសុខភាព ក៏ដូចជា ៣ការពារ ៣កុំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
លោក ម៉េត មាសភក្ដី បានឱ្យដឹងទៀតថា ផ្ទៃដីប្រមាណ១០ហិកតា ស្ថិតក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹងក្លាយជាទីតាំងបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងមមាញឹកឈូស ឆាយ សាងសង់។
ទីតាំងមូលដ្ឋានក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺមានសុវត្ថិភាព និងជាជម្រើសល្អ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ លោក បន្ត ថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្ទៃដីទំហំប្រមាណ១០ហិកតា និងឡជាបច្ឆាបច្ចេកទេសស្តង់ដារចំនួន៦ ដោយបាននិងកំពុងសម្រុកធ្វើទាំងយប់ទាំងថ្ងៃផងដែរ ។
សូម បញ្ជាក់ ថា ការសម្រេចជ្រើសរើសទីតាំងនេះ ធ្វើឡើងក្រោយទទួល បានបទបញ្ជារបស់ សម្ដេច ហ៊ុន សែន មកកាន់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីពេលកន្លងមក៕ សម្បត្តិ