មធ្យោបាយ ៧ ចំណុចអាចឱ្យម្តាយឪពុកជួយបង្រៀនភាសាអង់គ្លេសដល់កូនបានល្អ បន្ថែមលើភាសាកំណើត
នៅកម្ពុជាទោះបីឪពុកម្តាយភាគច្រើនយល់ថា ភាសាខ្មែរជាភាសាកំណើតចាំបាច់សម្រាប់កូនៗយ៉ាងណាក្តី ប៉ុន្តែបច្ចុប្បន្នភាសាអង់គ្លេស ក៏អាចក្លាយជាភាសាសំខាន់ទីពីរសម្រាប់កុមារដែរ។ វាអាចជាភាសាទំនាក់ទំនង ប្រើប្រាស់នៅក្នុងទីផ្សារការងារ និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់ពួកគេ។ ខាងក្រោមនេះជាចំណុចសំខាន់ៗទាំងប្រាំពីរដែលនឹងជួយឱ្យកុមាររៀនភាសាអង់គ្លេសតាមរយៈជំនួយពីម្តាយឪពុក។
១.បង្កើតទម្លាប់រៀនអង់គ្លេសប្រចាំថ្ងៃ ៖ ម្តាយឪពុកគួរចំណាយពេល ១៥នាទីទៅកន្លះម៉ោងជារៀងរាល់ថ្ងៃដើម្បីអាន ឬច្រៀងភាសាអង់គ្លេសជាចម្រៀងអក្សរ។ឧទាហរណ៍បទ ABC Song ជាដើម ហើយគួរតែធ្វើដដែលៗឱ្យបានខ្ជាប់ខ្ជួន។ ប៉ុន្មានខែក្រោយមកអ្នកនឹងអាចទទួលបានលទ្ធផល ដោយកូនអាចចងចាំពាក្យហើយចាប់ផ្តើមច្រៀងតាមអ្នកជាមិនខាន។
២. លេងហ្គេម ៖ សកម្មភាពលេងហ្គេមនិងការបង្រៀនពាក្យជាភាសាអង់គ្លេសអាចជាពេលវេលា ចាប់ផ្តើមចាប់យកភាសាដ៏សំខាន់បំផុតសម្រាប់កូនរបស់អ្នកពីព្រោះថាពួកគេនឹងសប្បាយជាមួយហ្គេមផងរៀនភាសាផង។ មួយទៀតអាចជារឿងល្អដែរ ប្រសិនបើនាំកូនមើលភាពយន្តកុមារដែលមានអក្សររត់ជាភាសាអង់គ្លេស និងអានអក្សរទាំងនោះលឺៗដល់កូន។
៣. ទម្លាប់ប្រើប្រាស់ពាក្យអង់គ្លេសជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ៖ វាជារឿងគួរដែរ ដែលម្តាយឪពុកជួយបង្ហាត់ភាសាអង់គ្លេសដល់កូនតាមរយៈការប្រើប្រាស់ពាក្យអង់គ្លេសសាមញ្ញៗ សម្តៅលើសម្ភារៈប្រើប្រាស់ ឬឃ្លាជាភាសាអង់គ្លេសដែលចាំបាច់ដល់ពួកគេ ដូចជាញ៉ាំបាយ ស្រេកទឹក ងូតទឹក ឬចូលគេងជាដើម។
៤. ប្រើប្រាស់ការនិទានរឿង៖ ការនិទានរឿងជាភាសាអង់គ្លេសជាដំណាក់កាលផ្សេងមួយទៀតដែលអាចឱ្យពួកគេចាប់ផ្តើមយល់ពីឃ្លាជាភាសាអង់គ្លេសតាមរយៈរូបភាព ព្រមទាំងបង្កើនសមត្ថភាពស្តាប់បានយ៉ាងល្អផងដែរ។
៥. បើចម្រៀងភាសាអង់គ្លេសស្តាប់កម្សាន្ត៖ ស្តាប់ចម្រៀង ឬច្រៀងចម្រៀងជាភាសាអង់គ្លេសមានប្រសិទ្ធភាពដូចទៅនឹងការអានសៀវភៅរឿងដែរ ប៉ុន្តែក៏ទាមទារឱ្យអ្នកចេះបទចម្រៀងទាំងនោះដែរ។
៦. សាកល្បងចាប់ផ្តើមបង្រៀនវេយ្យាករណ៍ភាសាអង់គ្លេស ៖ នៅពេលដែលពួកគេចាប់ផ្តើមប្រើប្រាស់ឃ្លាជាភាសាអង់គ្លេសជាមួយអ្នក នោះវេយ្យាករណ៍របស់ពួកគេនឹងមិនអាចត្រឹមត្រូវឡើយ ប៉ុន្តែជារឿងដ៏ល្អនៅពេលដែលបានដឹងថាពួកគេអាចចាប់ផ្តើមអនុវត្តជាមួយអ្នកបាន និងជាពេលវេលាសម្រាប់កែតម្រូវពីរបៀបប្រើប្រាស់ភាសាអង់គ្លេសរបស់ពួកគេ។
៨. គួរឱ្យកូនអនុវត្តឃ្លាសំខាន់ៗនិងវែងជាងមុន៖ ពេលនេះជាវេលាដែលអ្នកអាចចាប់ផ្តើមសន្ទនាបែបស៊ីជម្រៅជាងមុនបន្តិច ហើយអ្នកគួរជ្រើសយកប្រធានបទផ្សេងៗគ្នាមកអនុវត្តឱ្យបានញឹមញាប់ជាមួយកូន។ ឱពុកម្តាយគួរចង់ចាំថា បណ្តុះកូនឱ្យក្លាយជាពលរដ្ឋល្អគួរកុំមើលរំលងភាសាជាតិឱ្យសោះ ព្រោះពួកគេនឹងស្គាល់ខ្លួនឯងកាន់តែច្បាស់ប្រសិនបើចេះភាសាកំណើតច្បាស់៕