សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំពីវិធានការបង្ការការរាតត្បាតជំងឺកូវីដ19ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញសារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ19 ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រយៈពេលថ្ងៃចាប់ពីថ្ងៃទី14 ដល់ 16 ខែមេសា ឆ្នាំ2021ខាងមុខនេះ។
នៅក្នុងសារាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្សព្វផ្សាយនៅថ្ងៃទី31 ខែមីនា ឆ្នាំ2021នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលសូមណែនាំដល់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអំពាវនាវដល់សាធារណជនទូទាំងប្រទេសត្រូវយកចិត្តទុកដាក់គោរព និងអនុវត្តប្រកបដោយភាពម្ចាស់ការ ស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់នូវសារាចរណែនាំដែលចុះថ្ងៃទី21 ខែមីនា ឆ្នាំ2021 ស្តីពីការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅថ្ងៃទី14 ដល់ថ្ងៃទី16 ខែមេសា ឆ្នាំ2021 និងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-19 នៅក្នុងឱកាសឈប់សម្រាកនេះ» ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេស លើបណ្ដាវិធានការលម្អិតបន្ថែម ដូចខាងក្រោម៖
1៖ ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការចាំបាច់នានា សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន ទាំងនៅក្នុងការគ្រប់គ្រងចរាចរណ៍ ការដឹកជញ្ជូនមនុស្ស និងការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត និងទាំងនៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម រមណីយដ្ឋាន និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន។
2៖ សាធារណជនគ្រប់រូបទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការដូចខាងក្រោម៖
ទី1៖ សូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ និងចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី-ខេត្ត
ទី2៖ ចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ ទៅកាន់ ឬ ចេញ-ចូលតំបន់ ឬ ទីកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-19 កំណត់ដោយក្រសួងសុខាភិ-បាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ
ទី3៖ ចៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនាផង ឬ ការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន និង
ទី4៖ អនុវត្តវិធានការ «3ការពារ» និង «3កុំ» ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀត សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 ឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា។
ទី5៖ រាជរដ្ឋាភិបាលសូមក្រើនរំលឹក និងអំពាវនាវជាថ្មីម្តងទៀតដល់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូន អ្នកដំណើរគ្រប់ប្រភេទ មិនត្រូវតម្លើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរឡើយ និងត្រូវយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាលសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួនចំពោះអ្នកដំណើរនៅលើយានយន្តរបស់ខ្លួន។
សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ក្នុងសារាចរថា ទទួលបានសារាចរណែនាំនេះ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និង
សាធារណជនត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕