សុជីវធម៌ សីលធម៌ និងគុណធម៌ពាក្យសាមញ្ញតែមានអត្ថន័យនៅក្នុងជីវភាពរស់នៅ
ពាក្យថា “សុជីវធម៌ សីលធម៌ និងគុណធម៌” ជាបញ្ញត្តិអប់រំតម្លៃផ្ទាល់ខ្លួនកើតចេញចិត្តនិងទង្វើរបស់មនុស្សគ្រប់រូបនៅក្នុងសង្គម។ នៅក្នុងសង្គមខ្មែរធម៌ទាំងបីនេះមានគុណតម្លៃប្រហាក់ប្រហែលគ្នា ហើយត្រូវបានចាត់ទុកជាសេចក្តីល្អក្នុងដំណើរជីវិត ប្រសិនបើបុគ្គលប្រព្រឹត្តឬប្រកាន់ខ្ជាប់ខ្ជួនតាមអត្ថន័យពិតប្រាដក។ សុជីវធម៌សីលធម៌ និងគុណធម៌ កើតចេញពីមូលដ្ឋាននៃបញ្ញត្តិសុភាវធម៌។ សុភាវធម៌ ជាក្រឹត្យក្រមអប់រំមនុស្សឱ្យមានដំណើរជីវិតរស់នៅល្អប្រពៃ។
នៅក្នុងវចនានុក្រមខ្មែរ បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានពន្យល់ពាក្យទាំងនេះថា សុជីវធម៌ សម្តៅដល់ការរស់នៅដោយល្អ គឺចំណេះ, មានសណ្ដាប់ធ្នាប់, ការដឹងប្រមាណគួរសមក្នុងកិច្ចការប្រាស្រ័យជាមួយនឹងអ្នកដទៃ។សុជីវធម៌ សម្តៅលើឥរិយាបថរបស់សុភាពរាបសារ កាយវិការសមរម្យ ស្គាល់កាលវេលា ចេះគួរសមឱនលំទោនគោរពចាស់ទុំ មានវាចាផ្អែមពីរោះ រស់នៅសង្គមទទួលស្គាល់និងផ្តល់តម្លៃ ព្រមទាំងមានឥរិយាបថគាប់ភ្នែកអ្នកផង មិនប្រើសម្តីគំរោះគំរើយ ឬស្តាប់ទៅមិនស្រួលត្រចៀក។
សីលធម៌ ឬសីលធម្ម មានន័យថា កិរិយាមារយាទ, សណ្ដាប់ធ្នាប់ ដំបូន្មានដែលនាំឱ្យចៀសវាងអំពើអាក្រក់ ប្រព្រឹត្តតែអំពើល្អប្រកបដោយសីលធម៌។ សីលធម៌ សម្តៅទៅលើភាពត្រឹមត្រូវរបស់មនុស្សដែលប្រកាន់ខ្ជាប់ក្នុងចិត្ត ទោះជាមានអ្នកដទៃដឹងឬមិនដឹងក៏ដោយ។ ជាក់ស្តែងដូចជាការតាំងចិត្តមិនធ្វើអំពើអាក្រក់ ឬមិនប្រព្រឹត្តទង្វើមិនគប្បីណាមួយទាំងកាយ វាចា និងចិត្ត ដែលបង្កការឈឺចាប់ដល់អ្នកដទៃ។
គុណធម៌ ផ្តោតលើអំពើល្អអាក្រក់ បុណ្យបាបដែលបុគ្គលប្រព្រឹត្ត។ គុណធម៌ជាសេចក្ដីល្អ, សេចក្ដីបរិសុទ្ធ, សេចក្ដីអាណិត, សណ្តោសប្រណី។ អាចនិយាយបានម្យ៉ាងទៀតថា គុណធម៌ មានដូចជាការជួយយកអាសារគ្នាដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រកាន់រើសអើងវណ្ណៈ ពណ៌សម្បុរ ឬពូជសាសន៍អ្វីទាំងអស់។ បុគ្គមានគុណធម៌ រមែងការគោរពដោយសន្ដោសអត់ឱន មិនច្រណែនមិនព្យាបាទ មិនគុំកួន មិនធ្វើបាប ចេះយោគយល់អធ្យាស្រ័យដោយសេចក្តីមេត្តាចេះលះបង់ និងចេះជួយគ្នាក្នុងគ្រាក្រលំបាក។
គួរបញ្ជាក់ថា ពាក្យសុភាវធម៌ សុជីវធម៌ សីលធម៌ និងគុណធម៌ តែងតែឮញឹកញាប់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ប៉ុន្តែយុវជនខ្មែរមួយចំនួនមិនទាន់យល់ច្បាស់ពីអត្ថន័យ និងចែកឱ្យដាច់រវាងពាក្យទាំងអស់នេះនៅឡើយទេ។ រហូតមានអ្នកខ្លះបានប្រើប្រាស់ពាក្យទាំងនេះ មិនទាំងមិនយល់ពីវាដោយគ្រាន់តែឮគេថា និងកាត់ន័យយល់ដោយខ្លួនឯងក៏មាន៕