លោកស្រី ឱ វណ្ណឌីន ចុះពិនិត្យទីតាំងចំនួន៥ ត្រៀមចាក់វ៉ាក់សាំង Sinovac បង្ការជំងឺកូវីដ១៩ ដែលចាប់ផ្ដើមយុទ្ធនាការទូទាំងប្រទេស នៅថ្ងៃស្អែក។
រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ លោកស្រី ឱ វណ្ណឌីន នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យទីតាំងចំនួន៥ដើម្បីត្រៀមសម្រាប់ការផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសាស្អែកនេះ រួមមាន ក្រសួងព័ត៌មាន, ក្រសួងសេដ្ឋកិច្ច, ក្រសួងការបរទេស, ក្រសួងបរិស្ថាន និងសណ្ឋាគារ កាំបូឌីយ៉ាណា ដោយអនុវត្តន៍តាមការណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ បានកំណត់ក្រុមគោលដៅ ដែលត្រូវចាក់វ៉ាក់សាំងសរុប ចំនួន៧៤ម៉ឺន៥ពាន់នាក់ សម្រាប់ចំនួនដូសទី១ នៃការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) ដោយត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ជូនក្រុមមនុស្សដែលដល់វេនចាក់នាពេលនេះ មានដូចតជា៖
ទី១ ក្រុមគ្រូពេទ្យ, បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ ដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ) ទាំងថ្នាក់ជាតិ និងក្រោម
ជាតិ ដែលពុំទាន់បានចាក់ពីមុន។ ទី២ រដ្ឋសភា, ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូន ប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ។ ទី៣ អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន ដែលមានបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើជូនប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ។ ទី៤ កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធានី-ខេត្ត ចាំបាច់ត្រូវមានបញ្ជីឈ្មោះរៀបចំ ដោយអាជ្ញាធររាជធានី-ខេត្តពាក់ព័ន្ធ។ ទី៥ មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់ នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស ។ទី៦ មន្ត្រី-បុគ្គលិកបម្រើការ នៃអគ្គិសនីកម្ពុជាទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូន ប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ។ ទី៧ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុប ដែលបានផ្ញើបញ្ជីឈ្មោះជូន ប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ។និងទី៨ កម្មករ-កម្មការិនី នៅតាមរោងចក្រមួយចំនួន ទៅតាមវេន ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្ញើជូន ប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩៕