បរិបទកូវីដ-19 ប្រព័ន្ធបាគងកំពុងទទួលបានការគាំទ្រក្នុងសេវាកម្មហិរញ្ញវត្ថុ

ភ្នំពេញ ៖ អ្នកប្រតិបត្តិករនៃសេវាកម្មមីក្រូហិរញ្ញវត្ថុ និងធនាគារ បាននឹងកំពុងទទួលស្គាល់ថា ប្រព័ន្ធបា​គងកំពុងទទួលបានការគាំទ្រក្នុងសេវាកម្មហិរញ្ញវត្ថុក្នុង​ប្រទេសកម្ពុជា​ ខណៈដែលមានការព្រួយបារម្ភទៅនឹងការចម្លងនៃជំងឺរាត​ត្បាតកូវីដ-19 អាចឆ្លងមេរោគតាមការទូទាត់សាច់ប្រាក់ដោយផ្ទាល់។

លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានថ្លែងប្រាប់​AMS ឱ្យដឹងថា ដោយសារបាគងជាប្រព័ន្ធទូទាត់ប្រាក់ដែលមានភ្ជាប់​ជាមួយបណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន អតិថិជនអាចមានភាពងាយស្រួលក្នុងការផ្ទេរ ឬទូទាត់សាច់ប្រាក់បានប្រព័ន្ធអេឡិចត្រូនិកយ៉ាងងាយស្រួល។ 

លោកថាបច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានសរុបប្រមាណជា 80 តែអ្នកដែលមានអាជ្ញា​បណ្ណទទួល​ប្រាក់​​បញ្ញើមានតែចំនួន 6 ទេ ដែលមានសកម្មភាពខ្លាំង​រួមមានប្រាសាក់ អេអឹមខេ LOLC ជាដើម តែ​ពួក​គាត់កាន់កាប់អតិថិជនរហូតដល់ពី 80 ទៅ 90ភាគរយ។

លោក កាំង តុងងី បានមានប្រសាសន៍ថា ៖ «តាមរយៈប្រព័ន្ធទូទាត់ប្រាក់បាគង គ្រឹះស្ថានមីក្រូហិរញ្ញ ឬក៏ធនាគារ​អាចផ្ញើប្រាក់ឆ្លងគ្នាពីមួយទៅមួយបានក្នុងការ​ទូទាត់ ផ្ទេរសាច់ប្រាក់ពីធនាគារមួយ ទៅធនាគារមួយទៀតដោយមិនគិតថ្លៃសេវា»។ 

បាគង គឺជាឧបករណ៍មួយដែលមានប្រយោជន៍ច្រើនសម្រាប់អ្នកប្រើប្រាស់ ជាពិសេសគឺក្នុងកំឡុងកូវីដ-19 នេះ ខណៈដែលមនុស្សបានព្យាយាមមិនជួបមុខគ្នា​ផ្ទាល់ ក៏ដូចជា​ព្យាយាមមិនប៉ះពាល់ក្រដាសប្រាក់ដោយផ្ទាល់ ព្រោះវាជាផ្នែកមួយនៃការចម្លងវីរុសនៃជំងឺឆ្លង។

លោក តុងងី បញ្ជាក់ថា «កាលដែលយើងមានប្រព័ន្ធឌីជីថល​ ផេយមេន( Digital Payment ) ដែលភ្ជាប់គ្នាគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទំាងអស់ អ៊ីចឹងវា​ផ្តល់​ភាពងាយស្រួលមែនទែន ដល់អតិថិជន ក្នុងការប្រើប្រាស់ការទូទាត់ប្រាក់ ការផ្ទេរប្រាក់ក្នុងសេវាហិរញ្ញវត្ថុដោយមិនចាំបាច់កាន់សាច់ប្រាក់ ដោយមិនទៅជួប​មនុស្ស​ដោយផ្ទាល់»។ 

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិនៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​បានប្រាប់​AMS ថា ស្ថានការណ៍កូវីដ-19 បានញុំាងឱ្យស្ថាប័នធនាគារ ក៏ដូច​ជាវិស័យមីក្រូហិរញ្ញវត្ថុយកចិត្តទុក​ដាក់លើការផ្ដល់សេវាកម្មបន្ថែម លើផ្នែកហិរញ្ញវត្ថុ តួយ៉ាងប្រព័ន្ធបាគង ដែលប្រាសាក់​ បានរីករាយស្វាគមន៍ចូលរួម​តាំង​ពី​ដំបូង ខណៈដែលប្រព័ន្ធនេះបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា(NBC)។


ដោយសារគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុជាសមាជិករបស់ប្រព័ន្ធបាគង លោក សាយ សូនី បានបញ្ជាក់ឱ្យដឹងថា មួយរយៈកន្លងមកនេះ លោកបានកត់សម្គាល់ថា អតិថិជន​ហាក់មានសន្ទុះកើនឡើងលើសពីធម្មតា និងមានភាពទូលំទូលាយជាងមុនក្នុងការប្រើប្រាស់ទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធបាគងនេះ ​ព្រោះថា​ពីមុន​មាន​ការលំបាក​ក្នុងការទូទាត់ និងផ្ទេរសាច់ប្រាក់ពីធនាគារ1ទៅធនាគារ1។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់

លោក សាយ សូនី បានបញ្ជាក់ថា «រៀងរាល់ការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុ យើងតែងតែចូល​​​រួមរាល់ការអភិវឌ្ឍផ្សេងៗទាក់ទងនឹងការងារ ដោយឱ្យតម្លៃអាទិភាព​ ហើយ​យើង​ក៏សប្បាយចិត្តនឹងការប្រើប្រាស់ប្រព័ន្ធទូទាត់បាគង»។ សព្វថ្ងៃនេះ បាគង មានសមាជិកជាធនាគារចំនួន 20 ដែលមានសកម្មភាពខ្លាំង ដោយសារប្រព័ន្ធបាគង អាចដោះស្រាយគ្នាបានក្នុងការផ្ទេរ ការទូទាត់​សាច់ប្រាក់​ក្នុង​កាលៈទេសៈកូវីដនេះ ហើយបានធានាបាននូវសុវត្ថិភាព ងាយស្រួលប្រើ ពិសេសមិនប្រតិបត្តិការសាច់ប្រាក់ដោយផ្ទាល់៕ 

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner