ត្រូវបញ្ឈប់ដាច់ខាត ការលូកដៃជ្រៀតជ្រែកចូលកិច្ចការរបស់តុលាការនៃរដ្ឋអធិបតេយ្យ

អត្ថបទដោយ៖
Kien Sereyvuth

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ កាន់តែត្រូវពង្រឹងពង្រីកជាមួយនឹងលំហនយោបាយ និងសិទ្ធិសេរីភាពគ្រប់យ៉ាងនៅក្នុងសង្គម ត្រូវបានការពារ និងលើកស្ទួយ ។ ប៉ុន្តែពួកប្រឆាំងផ្កាប់មុខដែលជាជនក្បត់ជាតិ ក្បត់ប្រជាជន ដោយមានការគាំទ្រពីមជ្ឈដ្ឋានអគតិខាងក្រៅនៅតែឆ្លៀតប្រើប្រាស់ឧបាយកលទុច្ចរឹតតាមរយៈការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ ពួកនេះនៅតែបន្តធ្វើការឃោសនាមួលបង្កាច់ការពិតអំពីបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ រួមទាំងបញ្ហាផ្សេងៗដទៃទៀត មកធ្វើជាលេស វាយប្រហាររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ។

ជាក់ស្តែង កាលពីថ្ងៃទី៥ ខែមីនា ក្រោយពេលដែលតុលាការរាជធានីភ្នំពេញ ប្រកាសសាលក្រមកាត់ទោសទណ្ឌិត សម រង្ស៊ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ ព្រមទាំងបក្សពួកមួយចំនួនដែលត្រូវចោទប្រកាន់ពីបទ «ឧប ឃាត» ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩ ក៏មានជនបរទេសមួយចំនួនតាំងខ្លួនធ្វើជាចៅក្រមក្រៅច្បាប់ លូកដៃចូលមកអារកាត់កិច្ចការផ្ទៃក្នុងរបស់តុលាការ នៃរដ្ឋអធិបតេយ្យរបស់កម្ពុជា ។ គេបានលើកឡើងពីរបស់ដែលហៅថា ការរួមតូចនៃលំហសេរីភាព និងប្រជាធិបតេយ្យនៅកម្ពុជា ដោយឆ្លៀតប្រើប្រាស់ពាក្យសម្តីមិនត្រឹមត្រូវ វាយប្រហារទៅលើតុលាការរបស់កម្ពុជា ។ ប៉ុន្តែលើភាពជាក់ស្តែង ដំណើរការរបស់តុលាការទៅលើសំណុំរឿងជនជាប់ចោទ សម រង្ស៊ី និងបក្ខពួក គឺផ្អែកទៅលើភស្តុតាងរឹងមាំជាក់ស្តែង ស្របតាមនីតិវិធីត្រឹមត្រូវ ។ នីតិវិធីរបស់តុលាការបានប្រព្រឹត្តិទៅស្របតាមច្បាប់ដោយមានតម្លាភាព និងមានការចូលរួមពីមេធាវីការពារជនជាប់ចោទ តំណាងអង្គទូតបរទេស និងអង្គការសង្គមស៊ីវិល ដូចដែលប្រទេសប្រជាធិបតេយ្យទាំងអស់នៅលើពិភពលោក បាននិងកំពុងអនុវត្ត ។

ម៉្យាងវិញទៀត នៅក្នុងដំណើរការនៃសវនការនេះតុលាការ ក៏បានរកឃើញថា សម រង្ស៊ី និងបក្ខពួកពិតជាមានពិរុទ្ធភាពជាក់ស្តែង ដោយពួកនេះបានអនុវត្តផែនការដ៏គ្រោះថ្នាក់ ធ្វើសកម្មភាពញុះញង់កងទ័ព មន្ត្រីរាជការ និងប្រជាជនឲ្យផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងកៀងគរថវិកា ដើម្បីផ្គត់ផ្គង់កម្លាំងខុសច្បាប់ គាំទ្រចលនារបស់ខ្លួន ដែលទង្វើនេះ គឺស្មើនឹងការធ្វើរដ្ឋប្រហារ ។ រាល់ទម្រង់នៃការញុះញង់ បំផុសប្រមូលប្រជាជន និងកម្លាំងប្រដាប់អាវុធដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត គឺជាសកម្មភាពខុសច្បាប់ និងប៉ះពាល់ដល់សន្តិសុខរដ្ឋ ជាអំពើឧក្រិដ្ឋ ដែលត្រូវផ្តន្ទាទោសធ្ងន់ធ្ងរជាទីបំផុត ទោះផែនការនេះធ្វើក្នុងទម្រង់ជារដ្ឋប្រហារក្តី ជាកុប្បកម្មក្តី ជាបដិវត្តន៍ដោយហិង្សាក្តី ឬដោយការប្រើអំណាចប្រជាជនតាមរយៈបដិវត្តន៍ពណ៌ក្តី ។ ការដណ្តើមអំណាចតាមវិធីណាក៏ដោយ ក្រៅពីតាមរយៈការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាអំពើខុសច្បាប់ ដែលសមត្ថកិច្ចត្រូវចាត់គ្រប់វិធានការ ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យខាងតែបាន ។ ដូច្នេះ គម្រោងវិលចូលកម្ពុជាវិញរបស់ សម រង្ស៊ី និងបក្សពួក គឺជាគម្រោងនៃការធ្វើរដ្ឋប្រហារ ដែលនាំទៅដល់ការបំផ្លាញសុខសន្តិភាព ការបំបែកបំបាក់ជាតិ ដែលអាចបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរ មិនអាចប៉ាន់ស្មានបានចំពោះជាតិ និងប្រជាជនកម្ពុជា ។ ត្រូវកំណត់ច្បាស់ថា ការចាត់វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព ស្ថិរភាពនយោបាយ ការញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិឈានទៅផ្តួលរំលំរាជរដ្ឋាភិបាល គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ ។ យើងរំឭកថា នៅពេលនោះ សូម្បីអ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានថ្លែងថ្កោលទោស សម រង្ស៊ី នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីឆ្នាំ២០១៩ ចំពោះសម្តីបរិហាកេរ្តិ៍ និងញុះញង់ឲ្យផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលជ្រើសតាំងដោយប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតដែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមីនា តុលាការរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស សម រង្ស៊ី និងបក្ខពួក ចំនួន ៨នាក់ ឲ្យជាប់ពន្ធនាគារ ពី ២០ឆ្នាំ ទៅ ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ដោយសារជនទុច្ចរឹតទាំងនេះ បានប្រព្រឹត្តិបទល្មើស ដោយព្រះរាជអាជ្ញាចោទប្រកាន់ពីបទ ឧបឃាត តាមមាត្រា២៧ និង ៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩ ។

បច្ចុប្បន្ននេះ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលជំហរដ៏មុតមាំ ក្នុងការធានា និងការពាររដ្ឋធម្មនុញ្ញ ការពារប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យកាន់តែរឹងមាំ ស្របតាមនិន្នាការរីកចម្រើនជាក់ស្តែងរបស់សង្គមជាតិ និងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការធានានូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាជន និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែមានការរីកចម្រើន ។ ពួកមជ្ឈដ្ឋានអគតិមួយចំនួនដែលនៅតែប៉ុនប៉ងបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា ក៏ត្រូវតែបញ្ឈប់រាល់ការជ្រៀតជ្រែកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយរួមចំណែកជាមួយកម្ពុជាក្នុងការកសាង និងធ្វើឲ្យកម្ពុជាកាន់តែមានការរីកចម្រើនលូតលាស់នូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការពង្រឹងនីតិរដ្ឋបន្តទៅមុខទៀត ៕

ដកស្រង់ចេញពីទស្សនាវដ្តីប្រជាជន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner