សមត្ថកិច្ចចាប់ឃាត់ខ្លួនមនុស្ស៦នាក់ពាក់ព័ន្ធករណីដឹកជញ្ជូនជនជាតិចិន គេចចេញពីកន្លែងចត្តាឡីស័កនៅខេត្តព្រះសីហនុ មកភ្នំពេញ

ការចាប់ឃាត់ខ្លួននោះគឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១​ ស្ថិតក្នុងភូមិ ស្ទឹងឆាយ ឃុំកំពង់សីលា ក្រោយ​ពួកគេបានលួចគេចចេញពីការធ្វើចត្តាឡីស័កនៅខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ។​របាយការណ៍របស់ស្នង​ការដ្ឋាន​នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាជនសង្ស័យទាំង៦នាក់ រួមមានឈ្មោះអ៊ឹង សេងល័ង អាយុ៣៨ឆ្នាំ មុខរបរ អ្នកបក​ប្រែភាសាចិន និងអ្នកម៉ៅការដឹកគ្រោះក្រហមការដ្ឋានផ្លូវល្បឿនលឿន, ឈ្មោះ រ៉ា វណ្ណះ អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ឈ្មោះ Deng YuXin (តឹង អ៊ីស៊ីវ ) អាយុ២៣ឆ្នាំ ជនជាតិចិន , ឈ្មោះ WANG RUI (វ៉ាង រួយ)  អាយុ២៨ឆ្នាំ ជនជាតិចិន ,ឈ្មោះ​ Fang Chao (ហ្វាង ឆាវ)  អាយុ៣៥ឆ្នាំ ជនជាតិចិន ,និងឈ្មោះ Zhang JinJun (ចាង ជិនជុន)  អាយុ៣៧ឆ្នាំ ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អោយដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់បានរថយន្ត១គ្រឿង ម៉ាក​កូរូឡា ពណ៌ទឹកប៊ិច ផ្លូវបត់ចូលផ្លូវល្បឿនលឿនស្ថិតក្នុងភូមិ ស្ទឹងឆាយ ឃុំកំពង់សីលា ក្រោយពួកគេបានលួចគេច​ចេញពី​ការធ្វើចត្តាឡីស័កនៅខេត្តព្រះសីហនុ មកភ្នំពេញ។ ក្នុងរថយន្តមានគ្នា៥នាក់ ក្នុងនោះមានបុរសជនជាតិខ្មែរ​១នាក់ និង​បុរស​ជនជាតិចិន៤នាក់ មានពាក់ឯកសណ្ឋានបន្លំធ្វើជា​ក្រុមការងារផ្លូវល្បឿនលឿន ។

សមត្ថកិច្ចបានធ្វើការសាកសួរបុរសជនជាតិខ្មែរម្នាក់ដែលជាអ្នកបើកបររថយន្ត និងបានសារភាពថា ខ្លួនធ្វើតាមបញ្ជា​របស់​មេក្លោងបុរសជនជាតិខ្មែរម្នាក់ទៀត។ បន្ទាប់ពីសាកសួររួច សមត្ថកិច្ចបានធ្វើការស្រាវ រហូតឈានដល់ការឃាត់​ខ្លួនបាន​បុរសជនជាតិខ្មែរ ដែលជាមេក្លោងយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី។

សមត្ថកិច្ចបានអោយដឹងថា បុរសជនសង្ស័យជាតិខ្មែរដែលមេក្លោង បានសារភាពថា ខ្លួនធ្លាប់ដឹកជនជាតិចិន ពីភ្នំពេញមក​ខេត្តព្រះសីហនុ ចំនួន៣លើករួចមកហើយ។

ចំពោះជនសង្ស័យជនជាតិចិនទាំង៤នាក់ បានសារភាពថា ពួកខ្លួនបានធ្វើចត្តាឡីស័ករួចហើយ ប៉ុន្តែពុំមានឯកសារភ្ជាប់​មកជាមួយឡើយ ហើយពួកគេមានបំណងទៅភ្នំពេញ រួចបន្តដើម្បីត្រលប់ទៅប្រទេសចិនវិញ។ បច្ចុប្បន្នជនសង្ស័យ​ជាតិខ្មែរ​ទាំង២នាក់ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ, ហើយសម្រាប់ជនជាតិ​ចិនទាំង៤នាក់នោះ​ត្រូវបាន​រៀបចំការបណ្តេញចេញពីប្រទេសកម្ពុជា។

យោងតាមច្បាប់ថ្មីរបស់រាជរដ្ឋាភិបាល អ្នកធ្វើដំណើរគេចវេសពីចត្តាឡីស័ក នឹងត្រូវ ប្រឈមការផាកពិន័យពីមួយ លាន ទៅ៥លានរៀល, ចំណែកមេខ្យល់, អ្នកផ្តួចផ្តើមគំនិត, ដឹកនាំ, ណែនាំ ឬបញ្ចុះ បញ្ចូលជួយសម្រួលដោយចេតនា នាំគេចវេស ពីចត្តាឡីស័ក នឹងត្រូវប្រឈមការផាកពិន័យពី១០លានដល់ ៥០ លានរៀល៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner