រាជធានីភ្នំពេញសម្រេចដាក់បំរាមគោចរចាប់ពីម៉ោង8យប់ដល់ម៉ោង5ទៀបភ្លឺជាកំហិត

ភ្នំពេញ ​៖ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ19 សាលារជធានីភ្នំពេញ បានសម្រេចដាក់បំរាម គោចរ(ផ្អាកការចរាចរណ៍)នៅទូទាំង14ខណ្ឌជាកំហិតដោយអនុវត្តចាប់ពីម៉ោង8យប់ រហូតដល់ម៉ោង5ទៀបភ្លឺក្នុងរយៈពេល14ថ្ងៃ។

ជាមួយនឹងការដាក់ចេញនូវបំរាមខាងលើនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជូនសារជាសម្លេងនៅរសៀលថ្ងៃទី1 ខែមេសា ឆ្នាំ2021​នេះថា «សូមជម្រាបជូនលោក លោកស្រី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង14 ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញថា ក្នុងករណីអ្នកមិនស្ដាប់តាមការណែនាំ ត្រូវដកហូតរក្សាទុកមធ្យោបាយរបស់គាត់ បើជិះម៉ូតូយកម៉ូតូទៅទុក បើជិះឡានយកឡានទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះគ្រប់14ថ្ងៃ គ្រប់14ថ្ងៃទើបប្រគល់មធ្យោបាយឲ្យវិញ។ ក្នុងករណីដែលគាត់ធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋាន​ពិនិត្យឃើញថា គាត់មិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចយើង យើងនឹងអនុវត្តការផាកពិន័យបន្ដទៀត»។


ក្នុងនោះផងដែរ លោកអភិបាលក៏បានណែនាំឲ្យបន្ដត្រួតពិនិត្យទីតាំងដែលបានបិទជាបណ្ដោះអាសន្ន ដូចជា ហាងអ៉ីនធ័រណេតកាហ្វេ ក្លឹបហាត់ប្រាណ កន្លែងម៉ាស្សា ខារ៉ាអូខេ ក្លឹបកម្សាន្ដជាដើម ធ្វើយ៉ាងណាក៏ឲ្យមានការឆកល្វែង ដែលបង្កឱកាសឲ្យអាជីវករទាំងអស់នោះ លួចលបបើកឡើងវិញ ដែល​អាជ្ញាធរ​ធ្លាប់បានផ្អាកបណ្ដោះអាសន្ន ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ19។ ដោយឡែក អាជ្ញាធរត្រូវបន្ដអប់រំផ្សព្វផ្សាយ វិធានការ 3ការពារ និង3កុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងវិធានការផ្សេងៗទៀត ដែលបានដាក់ចេញដោយក្រសូងសុខាភិបាល។ ដោយឡែក កងកម្លាំងត្រូវដាក់កម្លាំងល្បាតតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីរឹតបន្ដឹងការពាក់ម៉ាកឲ្យបានខ្ជាប់ខ្ជួនរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner