ក្រសួងសាធារណការ ចាក់វ៉ាក់សាំងជូនមន្ត្រីបានប្រមាណ ៣០០នាក់, លោក ស៊ុន ចាន់ថុល រំលឹកមន្ត្រីឱ្យចាំនូវវីរភាពដឹកនាំសម្តេចតេជោ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ ថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាក់ជូនមន្ត្រីរបស់ខ្លួនបានប្រមាណ ៣០០នាក់។

ដូចការគ្រោងទុកក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ជូនមន្ត្រីរបស់ខ្លួន។ ដំណើរការចាក់ត្រូវបានធ្វើឡើងក្រោមអធិបតីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គ្រោងចាក់ជូនមន្ត្រីក្រសួងប្រមាណ ២,២៥០នាក់ ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមេសា។

អ្នកនាំពាក្យវ័យក្មេងរូបនេះ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ គឺជាកិច្ចការដ៏សំខាន់សម្រាប់មន្ត្រីរបស់ក្រសួង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលជាជំងឺកាចសាហាវមួយលើពិភពលោកនាពេលបច្ចុប្បន្ន។

វ៉ាក់សាំងកូវីដ-១៩ (Sinovac) ជាឧបករណ៍ថ្មីមួយ បន្ថែមលើវិធានការសុខាភិបាល ដែលមានស្រាប់សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្ស ជាពិសេសជួយបុគ្គលមិនឱ្យធ្លាក់ខ្លួនឈឺ ធ្ងន់ធ្ងរ នៅពេលឆ្លង និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្ត ពីសុវត្ថិភាព និងប្រសិទ្ធភាពយ៉ាងម៉ត់ចត់ និងកំពុងប្រើប្រាស់ នៅតាមបណ្ដាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោកដែលបណ្ដាប្រទេសមួយចំនួនបាន និងកំពុងតែដំណើរការចាក់បានមនុស្សរាប់ សិបលាននាក់រួចហើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងជូនមន្ត្រីក្រសួង ក៏ដូចជាប្រជាពលរដ្ឋ និងបានរំលឹកដល់មន្ត្រីទាំងអស់ ត្រូវចងចាំនូវគំរូវីរភាពរបស់សម្តេចតេជោ ដែលជាមេដឹកនាំតែងតែគិតគូរជាប់ជានិច្ចដល់សុខទុក្ខរបស់មន្ត្រី និងប្រជាពលរដ្ឋ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner