ថៃរៀបចំផែនការជម្លៀសប្រជាជនរបស់ខ្លួនចេញពីមីយ៉ាន់ម៉ា ប្រសិនបើអំពើហិង្សានៅប្រទេសនេះកាន់តែអាក្រក់ទៅៗ
ថៃ៖ ថៃបានរៀបចំផែនការជម្លៀសប្រជាជនរបស់ខ្លួន ដែលជាប់នៅមីយ៉ាន់ម៉ា បើសិនអំពើហិង្សាក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះកាន់តែអាក្រក់ទៅៗ ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat ស្ថានទូតថៃប្រចាំនៅទីក្រុងយ៉ាំងហ្គោន បានរាយការណ៍ថា ការតវ៉ាប្រឆាំងនឹងមេដឹកនាំយោ ធារបស់មីយ៉ាន់ម៉ាកំពុងបន្ត បើទោះបីជាការផ្គត់ផ្គង់ស្បៀងអាហារមិនត្រូវបានរំខានក៏ដោយ ។ អ្នកនាំពាក្យកងទ័ពអាកាសថៃលោក Thanat Chanamphai និយាយថា ប្រមុខកងទ័ពអាកាស Suttiwan បានណែនាំដល់កងអង្គភាពលេខ៦ ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋាន Don Mueang ឲ្យត្រៀមយន្តហោះដឹកជញ្ជូនធុន C-130 ប្រសិនបើរដ្ឋាភិបាលប្រគល់បេសកកម្មនាំជនជាតិថៃនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រឡប់មកផ្ទះវិញ ។
យ៉ាងណាមិញ អាជ្ញាធរថៃបាននិងកំពុងឃ្លាំមើលស្ថានការណ៍នេះយ៉ាងដិតដល់បំផុត ហើយបានឯកភាពថា ស្ថានការណ៍មិនទាន់ឈានដល់ចំណុចមួយដែលប្រជាជនថៃ នឹងត្រូវប្រាប់ឲ្យចាកចេញពីមីយ៉ាន់ម៉ានោះទេ ប៉ុន្តែប្រសិនបើអំពើហិង្សាកាន់តែកើនឡើងចាំបាច់ត្រូវការការជម្លៀសប្រជាជននោះ ស្ថានទូតមានផែនការក្នុងការនាំជនជាតិថៃត្រឡប់ទៅផ្ទះវិញ ៕ ប្រភព៖ Bangkok Post